(ញូយ៉ក)៖ ផ្សែងដែលភាយចេញពីភ្លើងឆេះព្រៃ នៅភាគខាងលិចសហរដ្ឋអាមេរិក បានបង្កើតជាអ័ព្ទដ៏ក្រាស់គ្រប់ដណ្ដប់ពេសពេញតំបន់ Tri-State នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS New York នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

ទូរទូស្សន៍ CBS2 បានរាយការណ៍ថា នៅថ្ងៃធម្មតា អ្នកអាចមើលឃើញតំបន់ Manhattan យ៉ាងច្បាស់ពីតំបន់ Ridgewood។ ប៉ុន្តែនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្វីដែលអ្នកអាចមើលឃើញ គឺជាអ័ព្ទដ៏ក្រាស់គ្រប់ដណ្ដប់ពាសពេញតំបន់នោះ។

លោក George Pope សាស្ត្រាចារ្យសិក្សាផ្នែកផែនដី និងសិក្សាបរិស្ថាន នៅសាកលវិទ្យាល័យ Montclair State ក៏បាននិយាយថា «ថ្ងៃធម្មតា អ្នកអាចមើលឃើញទេសភាពដ៏អស្ចារ្យដល់ជើងមេឃនៃតំបន់ Manhattan ឯណោះ យ៉ាងហោចណាស់ក៏មើលឃើញស្រមោលដែរ បើទោះបីវាជាថ្ងៃដែលចុះអ័ព្ទក៏ដោយ។ ប៉ុន្តែថ្ងៃអង្គារសប្ដាហ៍នេះ អ្នកស្ទើរតែមិនឃើញតំបន់មួយនោះតែម្ដង។ នេះគឺដូចជាអ្វីដែលមិនធ្លាប់មានពីមុនមកទេ»។

គួរបញ្ជាក់ថា បើតាមអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថាន អ័ព្ទនេះកកើតចេញពីភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាមេរិក រួមទាំងភ្លើងឆេះព្រៃឈ្មោះ Bootleg Fire នៅរដ្ឋ Oregon ផងដែរ៕