(អាមេរិក)៖ ចំពោះមុខការកើនឡើងវិញ នៃករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានចេញមុខបកស្រាយថា វ៉ាក់សាំង COVID-19 ទាំងអស់សុទ្ធតែមិនមានសមត្ថភាពការពារអ្នកបាន ១០០ភាគរយពីការឆ្លងជំងឺនេះឡើយ ទោះបីចាក់ចំនួន២ដូសក៏ដោយ ប៉ុន្តែពួកវាអាចជួយកុំឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬមួយក៏ស្លាប់ដោយសារ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី បណ្តាញព័ត៌មាននៅសហរដ្ឋអាមេរិក នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

បច្ចុប្បន្នមានការកត់សម្គាល់ឃើញថា ចំនួនករណីឆ្លង COVID-19 សឹងតែនៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហាក់កំពុងតែកើនឡើងវិញ ហើយអ្វីដែលកំពុងធ្វើឲ្យប្រជាជនអាមេរិក មានការព្រួយបារម្ភនោះ គឺករណីឆ្លងសូម្បីក្នុងចំណោម អ្នកដែលបានចាក់វ៉ាក់សាំងរួច។ ទិន្នន័យពី មជ្ឈមណ្ឌល CDC បានបង្ហាញថា មានករណីឆ្លងនិងស្លាប់ដោយសារ COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសចំនួនជិត ៥,៥០០នាក់ នៅសហរដ្ឋអាមេរិក។

តែទោះជាយ៉ាងណាក៏ដោយ CDC នៅតែអះអាងថា ករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស គឺជារឿងកម្រ ជាពិសេសករណីស្លាប់តែម្តង ហើយវាមិនមែនមានន័យថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះឡើយ ចំពោះមុខការព្រួយបារម្ភ ពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ សូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានពន្យល់ពីរឿងវ៉ាក់សាំង មិនអាចការពារ ១០០ភាគរយ ពីការឆ្លង COVID-19 នេះដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក គឺសុទ្ធតែជាវ៉ាក់សាំងអភិវឌ្ឍឡើង ដោយក្រុមហ៊ុនអាមេរិកខ្លួនឯងផ្ទាល់ រួមមាន Pfizer-BioNTech, Moderna និង Johnson & Johnson៕