(តូក្យូ)៖ សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ទើបតែបានបង្ហាញកិច្ចសម្របសម្រួលរួមគ្នាមួយ ទៅលើគោលនយោបាយចំពោះប្រទេសកូរ៉េខាងជើង ដែលជាការច្រានចោលផងដែរ ចំពោះព័ត៌មានមិនពិតមួយចំនួន អំពីបញ្ហាលើផ្នែកទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធធំៗទាំងពីរ របស់អាមេរិកប្រចាំទ្វីបអាស៊ីនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែលទើបបញ្ចប់កិច្ចប្រជុំត្រីភាគី ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។ លោកស្រី Wendy Sherman បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធនេះ ជាការបញ្ជូនសារយ៉ាងច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើងថា ពួកយើងកំពុងប្រកៀកស្មាគ្នា ដើម្បីអនុវត្តគោលនយោបាយនេះ...»

គួរបញ្ជាក់ថា ភាគីទាំងបីខាងលើនេះ បានបង្ហាញការប្តេជ្ញាបន្តធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង បើទោះបីជាភាពមិនច្បាស់លាស់កំពុងបន្ត ជាពិសេសគឺគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ដែលគ្រប់គ្នាពិបាកព្យាករណ៍ទុកមុនក្តី។ កិច្ចប្រជុំត្រីភាគីនេះ ក៏ជាការលុបបំបាត់ផងដែរ ចំពោះពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងបញ្ហានៃទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង ក្រោយពីលោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចចិត្តមិនទៅចូលរួម ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោមហេតុផលមួយចំនួន៕