(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដាកន្លងទៅ មានករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូសចំនួន ៥,៤៩២ករណី។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន NBC news នៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

បើតាម CDC នៅក្នុងចំណោមអ្នកជំងឺទាំង ៥,៤៩២នាក់ខាងលើ មាន ៧៥ភាគរយជាក្រុមមនុស្សមានវ័យ ៦៥ឆ្នាំឡើងទៅ ហើយក្នុងនោះអ្នកស្លាប់មានចំនួន ១,០៦៣នាក់។ តែទោះជាយ៉ាងណាក៏ដោយ CDC នៅតែអះអាងថា ករណីឆ្លង និងស្លាប់ដោយសារ COVID-19 លើអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសគឺជារឿងកម្រ ហើយវាមិនមែនមានន័យថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះឡើយ ចំពោះមុខការព្រួយបារម្ភ ពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។

CDC បានគូសបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងមិនអាចការពារបាន ១០០ភាគរយឡើយ តែវាអាចជួយការពារបានច្រើនកុំឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ដោយសារ COVID-19។ ការគូសបញ្ជាក់បែបនេះ បានកើតមានឡើងស្របពេលដែល សេចក្តីរាយការណ៍កាលពីដើមសប្តាហ៍នេះ បានបង្ហាញឲ្យឃើញថា ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក កំពុងតែកើនឡើងវិញ នៅអំលុងពេល ០៤សប្តាហ៍ចុងក្រោយ។

នៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីសេតវិមានម្នាក់ដែលបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ប៉ុន្តែមន្ត្រីរូបនេះមិនបានប៉ះពាល់ ជាមួយលោកប្រធានាធិបតី ចូ បៃដិន ឬមន្ត្រីជាន់ខ្ពស់ណាម្នាក់ឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន សាគី (Jen Psaki) បានទទួលស្គាល់ថា ធ្លាប់មានករណីឆ្លង COVID-19 លើអ្នកចាក់វ៉ាក់សាំងពេញលេញដទៃទៀត នៅសេតវិមានដែរ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានករណី ឬក៏ត្រូវបានរកឃើញតាំងពីពេលណា ឲ្យប្រាកដនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៦.៣១លាននាក់ (៥៦.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦១.៤៧លាននាក់ (៤៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕