(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,០០២ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០៨នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១១,៩៥៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១,០៤៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៣៩,៤៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦១០នាក់ និងអ្នកជាសះស្បើយ ៣០៤,៤៥៦នាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសថៃក៏បានប្រកាសពីការបញ្ជាទិញ វ៉ាក់សាំងបង្ការ COVID-19 Pfizer ពីសហរដ្ឋអាមេរិកចំនួន ២០លានដូសផងដែរ ស្ថិតក្នុងគោលដៅទប់ទល់ការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺវីរុសបម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ គិតត្រឹមចុងសប្តាហ៍មុន ថៃសម្រេចបានការចាក់វ៉ាក់សាំង ១៤.៣លានដូស ក្នុងនោះប្រជាជន ៣.៤៥លាននាក់ (៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕