(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបន្ធូរបន្ថយសេចក្តីណែនាំ លើការធ្វើដំណើរពាក់ព័ន្ធនឹង COVID-19 សម្រាប់ប្រទេសឥណ្ឌានិងប៉ាគីស្ថាន មកនៅកម្រិតទី៣វិញ បន្ទាប់ពីស្ថានការណ៍ឆ្លងរាតត្បាត នៅប្រទេសទាំងពីរ ហាក់ធូរស្រាលជាងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

កន្លងមក សេចក្តីណែនាំលើការធ្វើដំណើរពាក់ព័ន្ធ COVID-19 សម្រាប់ឥណ្ឌានិងប៉ាគីស្ថាន គឺនៅស្ថិតកម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុត។ នៅកម្រិតទី៤ រដ្ឋាភិបាលអាមេរិកណែនាំមិនឲ្យប្រជាជនខ្លូន ធ្វើដំណើរទៅកាន់គោលដៅទាំងនោះតែម្តង ខណៈនៅកម្រិតទី៣ គឺពលរដ្ឋអាមេរិក ត្រូវបានណែនាំឲ្យពិចារណាឡើងវិញ មុនពេលសម្រេចចិត្តធ្វើដំណើរ។

យ៉ាងណាមិញ ការផ្លាស់ប្តូរខាងលើ គឺមិនប៉ះពាល់ដល់បម្រាមធ្វើដំណើរ ដែលអាមេរិកបានដាក់ចេញ កាលពីខែឧសភាកន្លងទៅនោះឡើយ។ បម្រាមនោះ ហាមឃាត់រាល់ជនបរទេសទាំងអស់ ដែលធ្លាប់ស្ថិតនៅប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ មិនអាចឈានជើង ចូលសហរដ្ឋអាមេរិកបានឡើយ។

អាមេរិកក៏បានដាក់បម្រាមស្រដៀងគ្នា សម្រាប់អាហ្រ្វិកខាងត្បូង ចិន អ៉ីរ៉ង់ ប្រេស៉ីល ចក្រភពអង់គ្លេស អៀរឡង់ និងប្រទេសចំនួន២៦ នៅអឺរ៉ុបផងដែរ។ ប៉ុន្តែអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក រួមទាំងសមាជិកគ្រួសារពួកគេ ហើយជនបរទេសមួយចំនួន ដូចជា និស្សិតជាដើម គឺត្រូវបានលើកលែងពីបម្រាមខាងលើ។

គួរបញ្ជាក់ថា អ្នកដំណើរសឹងតែទាំងអស់ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក តាមផ្លូវអាកាស ត្រូវតែបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន COVID-19 ឬមួយក៏ភស្តុតាងនៃការជាសះស្បើយពីជំងឺនេះ ទើបអាចចូលទៅបាន៕