(បាងកក)៖ អ្នកប្រើប្រាស់បណ្ដាញ Facebook ក្នុងប្រទេសថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបាននាំគ្នាចែករំលែករូបភាពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវគេសង្ស័យ ថាដេកស្លាប់លើចិញ្ចើមផ្លូវក្នុងទីក្រុងបាងកក ដោយសារឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

បុរសខាងលើដែលគេសង្ស័យថាបានឆ្លង COVID-19 ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវ ស្ថិតនៅក្បែរវត្ត Wat Bowonniwet ក្នុងស្រុក Phra Nakhon នៃទីក្រុងបាងកក។ ដោយឡែក បើតាមអ្នកប្រើប្រាស់ Facebook សាកសពនេះត្រូវគេទុកនៅលើចិញ្ចើមផ្លូវរាប់ម៉ោង ទម្រាំក្រុមគ្រូពេទ្យមកដឹកសាកសពចេញដោយសារតែ ពួកគេមមាញឹកដឹកអ្នកជំងឺដទៃទៀត។ ក្រោយដឹកសាកសពបុរសរូបនេះ ក្រុមគ្រូពេទ្យបានទទួលការហៅទូរស័ព្ទថាមានបុរសម្នាក់ទៀតបានដេកស្លាប់នៅលើចិញ្ចើមផ្លូវនៅឯ រុក្ខវិថី Ratchadamnoen Klang ហើយនៅថ្ងៃពុធនេះ បុរសពីរនាក់ផ្សេងទៀតក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវក្នុងទីក្រុងបាងកកផងដែរ ដោយម្នាក់ ដេកស្លាប់លើនៅផ្លូវ Lotus Rama IV ក្នុងស្រុក Thong Lor រីឯម្នាក់ទៀតនៅឯផ្លូវ Hathairat ក្នុងស្រុក Khlong Toei។

គួរបញ្ជាក់ថា បើតាមប្រភពដែលរាយការណ៍ប្រាប់អាជ្ញាធរថៃ បុរសទាំង៤នាក់ខាងលើ សុទ្ធតែត្រូវបានសង្ស័យថាស្លាប់ដោយសារ COVID-19 និងជាមនុស្សគ្មានផ្ទះសម្បែង ដ្បិតពួកគេមិនមានកំណត់ហេតុអាសយដ្ឋានស្នាក់នៅពិតប្រាកដ និងមិនមានសាច់ញាតិ មកយកសពនោះទេ៕