(ឡូស អាន់ជែលឡែស)៖ ប្រធានគណៈកម្មាធិការរៀបចំពិធីស្បថចូលកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ត្រូវបាន ចាប់ខ្លួនហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោមបទចោទប្រកាន់ថាបានគប់គិតជាសម្ងាត់ក្នុងការកែប្រែគោលនយោបាយអាមេរិកដើម្បីស្វែងរក ផលប្រយោជន៍ឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

លោក Tom Barrack មានអាយុ ៧៤ឆ្នាំ មកពីទីក្រុង Santa Monica នៃរដ្ឋកាលីហ្វ័រញ៉ា គឺស្ថិតនៅក្នុងចំណោមមនុស្ស ៣នាក់ដែលត្រូវបានតុលាការសហព័ន្ធ ក្នុងសង្កាត់ Brooklyn នៃទីក្រុងញូយ៉ក ចោទប្រកាន់ថាបានដើរតួនាទីជាទីភ្នាក់ងារបរទេសខុសច្បាប់ និងព្យាយាមកែប្រែគោលនយោបាយអាមេរិក ដើម្បីស្វែងរក ប្រយោជន៍ឱ្យអេមីរ៉ាតអារ៉ាប់រួម អំឡុងលោក ដូណាល់ ត្រាំ នៅជាបេក្ខជនប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងនៅពេលលោក ត្រាំកាន់តំណែងជា ប្រធានាធិបតី។

តុលាការសហព័ន្ធអាមេរិកក្នុងសង្កាត់ Brooklyn ក៏បានចោទប្រកាន់លោក Barrack ពីបទរារាំងការស្វែងរកយុត្តិធម៌ផងដែរតាមរយៈការនិយាយកុហក នៅក្នុងពេល ផ្ដល់ចម្លើយឱ្យអាជ្ញាធរកាលពីខែមិថុនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ក្រៅតែពីលោក Barrack បុរសពីរនាក់ទៀតឈ្មោះ Matthew Grimes ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនរបស់លោក Barrack និងម្នាក់ទៀតឈ្មោះ Rashid al Malik ជាពាណិជ្ជករម្នាក់មកពីអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែត្រូវបានចោទប្រកាន់ពីបទដើរតួជាទីភ្នាក់ងាររបស់អេមីរ៉ាតរ៉ាប់រួម។ ក៏ប៉ុន្តែ អ្នកទាំងបីនាក់នេះបាន ច្រានចោលរាល់ការចោទប្រកាន់ ហើយអះអាងថាពួកគេមិនបានធ្វើខុសច្បាប់អ្វីនោះទេ៕