(បារីស)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Veran មានប្រសាសន៍ថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំងកំពុងកើនឡើង ក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុនមក ដោយសារវីរុសបម្លែងខ្លួនថ្មី Delta។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RFI របស់បារាំង និង សារព័ត៌មាន The Times of Israel នៅយប់ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

 ដោយសំដៅដល់តួលេខចុងក្រោយនៃចំនួនករណីឆ្លងកូវីដ១៩ លោកបាននិយាយនៅក្នុងសភាថា «យើងកំពុងមើលឃើញការកើនឡើងនូវករណីឆ្លងថ្មីប្រហែល១៥០ភាគរយកាលពីសប្តាហ៍មុន។ ហើយការកើនឡើងនេះក៏មិនមែនដោយសារវីរុសបម្លែងខ្លួនថ្មីរបស់អង់គ្លេស អាហ្រ្វិកខាងត្បូង ឬប្រេស៊ីលឡើយ»

នៅថ្ងៃអង្គារនេះបារាំងរកឃើញអ្នកឆ្លងថ្មីរហូតដល់ជាង ១៨,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនេះជាកម្រិតនៃការឆ្លងគឺខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែឧសភា នៅពេលដែលប្រទេសនេះកំពុងដំណើរការដកចេញវិញនូវវិធានការ Lockdown ទូទាំងប្រទេសទីបីរបស់ខ្លួន។ បច្ចុប្បន្នប្រទេសបារាំងដែលកំពុងប្រឈមនឹងការឆ្លងរាលដាលជារលកទី៤ ដោយសារវីរុសបម្លែងខ្លួនថ្មី Delta៕