(តិចសាស់)៖ ទីបំផុតក្រុមហ៊ុនអវកាស Blue Origin នៅថ្ងៃអង្គារនេះបានបើកដំណើរការបាញ់បង្ហោះគ្រាប់រុ៉ក្តែត New Shepard ដែលដឹកកំពូលមហាសេដ្ឋីលំដាប់លេខ១ លើពិភពលោកគឺលោក Jeff Bezos ព្រមទាំងមនុស្សចំនួន ៣នាក់ផ្សេងទៀតទៅកាន់លំហអាកាសបានយ៉ាងជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅយប់ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

នៅវេលាម៉ោងប្រមាណ ៩៖១២នាទីម៉ោងនៅភាគខាងកើត គ្រាប់រ៉ុក្កែត New Shepard ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin ដែលជារបស់លោក Jeff Bezos ផ្ទាល់ បានដឹកកំពូលមហាសេដ្ឋីរូបនេះទៅកាន់ទីអវកាស ហើយបានចុះចតវិញយ៉ាងជោគជ័យ។

 ក្រៅពីលោក Jeff Bezos នៅលើយាន្តអវកាសនោះ គឺមានប្អូនប្រុសរបស់លោកគឺលោក Mark និងលោក Wally Funk វ័យ ៨២ឆ្នាំជាអ្នកត្រួសត្រាយអាកាសចរណ៍ ព្រមទាំងលោក Oliver Daemen អាយុ ១៨ឆ្នាំជានិស្សិតមកពីប្រទេសហូឡង់ផងដែរ។

ការហោះហើរនេះ បើទោះបីជាវាមិនបានចូលទៅក្នុងគន្លងគោចរ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានចាប់ផ្តើមបង្កើតឡើង កាលពីជាង ២០ឆ្នាំមុន ហើយដែលជាលើកដំបូងដែលរក្រុមហ៊ុន Blue Origin ដឹកមនុស្សទៅទីអវកាស។

គួរបញ្ជាក់ថា ការហោះហើរនេះមានរយៈពេលតែ ១០នាទី និង១០វិនាទីប៉ុណ្ណោះបន្ទាប់គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះចូលក្នុងលំហអាកាស។ យាន្តអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin មានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញ៕