(ប៉េកាំង)៖ អ្នកនាំពាក្យនៃរដ្ឋាភិបាលចិន បានចេញមុខជំទាស់យ៉ាងដាច់ខាត ចំពោះប្រទេសនានាដែលបង្កើតទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់របស់ចិន ខណៈដែលប្រទេសទាំងនោះ មានទំនាក់ទំនងការទូតជាមួយចិនរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យនៃការិយាល័យ ទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានធ្វើការឆ្លើយតបដូចខាងលើនេះ ខណៈគណបក្សកំពុងកាន់អំណាចនៅតៃវ៉ាន់ (DPP) កំពុងតែព្យាយាមបង្កើត «ការិយាល័យតំណាង» របស់ខ្លួន ប្រចាំនៅប្រទេសលីទុយអានី។

លោកស្រី ជូ ហ្វឹងលៀន បានសង្កត់ធ្ងន់ថា «តៃវ៉ាន់គឺផ្នែកមួយរបស់ចិន» ហេតុដូច្នេះរដ្ឋាភិបាលលីទុយអានី ត្រូវតែអនុវត្តឲ្យបានទៅតាមគោលនយោបាយ «ចិនតែមួយ» ដោយមិនត្រូវបញ្ជូនសញ្ញាខុសទៅកាន់ ក្រុមដែលកំពុងមានចេតនាទាមទារឯករាជ្យ នៅកោះតៃវ៉ាន់នោះឡើយ។

ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន ក៏បានផ្តាំទៅគណបក្សកាន់អំណាច DPP នៅទីក្រុងតៃប៉ិដែរថា ការព្យាយាមទាមទារឯករាជ្យរបស់ពួកគេ នឹងមិនអាចផ្លាស់ប្តូរបានការពិតបានឡើយថា «ចិនមានតែមួយប៉ុណ្ណោះនៅលើពិភពលោក»