(ប៉េកាំង)៖ ចិនកំពុងត្រៀមលក្ខណៈ សម្រាប់ព្យុះទីហ្វុងចំនួនពីរ រួមមានព្យុះទីហ្វុង សេមផាកា (Cempaka) និងព្យុះទីហ្វុង អ៉ីនហ្វា (In-Fa) ដែលត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់រងការប៉ះពាល់ ជាមួយខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ជោគជាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ចិន បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃអង្គារនេះ ចំណុចកណ្តាលនៃព្យុះទីហ្វុង សេមផាកា ដែលជាព្យុះទីហ្វុងទី៧ប្រចាំឆ្នាំ២០២១នេះ ស្ថិតនៅចម្ងាយប្រហែល៦០ភាគរយម៉ែត្រប៉ុណ្ណោះ ពីភាគអាគ្នេយ៍ទីក្រុងយ៉ាងជាំង (Yangjiang) នៃខេត្តក្វាងទុង (Guangdong)។ ដូច្នេះហើយ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដែនដីប្រទេសចិន នៅចន្លោះស្រុកថៃសាន (Taishan) និងស្រុកទៀនប៉ៃ (Dianbai) ក្នុងខេត្តក្វាងទុង នាល្ងាចឬយប់ថ្ងៃអង្គារនេះតែម្តង។

ចំណែកព្យុះទីហ្វុង អ៉ីនហ្វា ដែលជាព្យុះទីហ្វុងទី៦ប្រចាំឆ្នាំនេះ កំពុងតែធ្វើដំណើរដោយសន្សឹមៗទៅរក តំបន់ឆ្នេរភាគខាងកើតនៃខេត្តស៉ីជាំង (Zhejiang) និងខេត្តហ៊្វូជាំង (Fujiang) ហើយត្រូវរំពឹងថា នឹងទៅដល់តំបន់ឆ្នេរនៃខេត្តទាំងពីរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា អាជ្ញាធរចិនកាលពីយប់ថ្ងៃចន្ទម្សិលមិញ បានបញ្ជូនក្រុមការងារពិសេសទៅកាន់ខេត្តក្វាទុង ដើម្បីជួយជ្រោមជ្រែងការឆ្លើយតបចំពោះព្យុះទីហ្វុង សេមផាកា ហើយអាជ្ញាធរខេត្តក្វាងទុងផ្ទាល់ ក៏បានបង្កើនកម្រិតនៃការត្រៀមលក្ខណៈ ទប់ទល់ផលប៉ះពាល់ ដែលនឹងអាចបង្កឡើងពីព្យុះទីហ្វុងនេះផងដែរ៕