(ប៉េកាំង)៖ ពេលឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតជាប្រចាំ កាលពីថ្ងៃទី ១៩ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ផែនការនៃការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ដំណាក់កាលទី ២ ដែលដាក់ចេញដោយលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក មិនសមស្របនឹងគោលជំហររបស់ប្រទេសចិនព្រមនិង ប្រទេសជាច្រើនទៀតលើ បញ្ហាស្តីពីការស្វែងរកប្រភពដើមនៃវីរុស ។

លោក Zhao Lijian បានថ្លែងថា តំណាងប្រទេសចិននិងប្រទេសជាច្រើន បានអធិប្បាយពីគំនិតផ្តួចផ្តើមនិងមតិយោបល់របស់ប្រទេសខ្លួន អំពីបញ្ហានេះរួចហើយ នៅក្នុងសន្និសីទរាយការណ៍នៃប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ។ លោកបានបញ្ជាក់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាត អង្គការសុខភាពពិភពលោកលើកទី៧៣ បានកំណត់យ៉ាងច្បាស់ថា អគ្គនាយកនៃអង្គការសុខភាពពិភពលោក នឹងបន្តធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹង បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក ដើម្បីស្វែងរកប្រភពនៃសត្វដែលផ្ទុកវីរុសកូវីដ១៩ ព្រមនិងវិធីចម្លងទៅមនុស្សជាតិ ។

ហេតុនេះ ផែនការនៃការងារស្វែងរកប្រភពដើមនៃវីរុសនេះ គួរតែសមស្របនឹងការកំណត់នេះព្រមទាំងស្ថិតក្រោម ការដឹកនាំរបស់ប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក។ ប្រទេសចិនរំពឹងទុកថា បណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក អាចធ្វើការផ្លាស់ប្តូរនិងការពិភាក្សាគ្នាយ៉ាងពេញលេញ ដើម្បីប្រមូលផ្តុំនិងទទួលយកមតិយោបល់ពី ភាគីពាក់ព័ន្ធនានា ព្រមទាំងធានាថា ដំណើរគ្រោងផែនការនៃការងារនេះមានតម្លាភាពនិងបើកចំហ៕