(បាកដាដ)៖ មនុស្សយ៉ាងហោចណាស់ ២៨នាក់ បានបាត់បង់ជីវិត និង៦៦នាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅឯផ្សារមានមនុស្សណែនតាន់តាប់មួយកន្លែង ស្ថិតនៅជាយភាគខាងកើតទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

ករណីបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅផ្សារល្បីមួយ ក្នុងសង្កាត់សេឌ័រ (Sadr) នៃរដ្ឋធានីបាកដាដរបស់អ៉ីរ៉ាក់ កាលពីថ្ងៃចន្ទម្សិលមិញ គឺមួយថ្ងៃមុនពេលពិធីបុណ្យហាជ្ជ របស់អ្នកកាន់សាសនាឥស្លាម ត្រូវបានប្រារព្ធឡើង។ ដូច្នេះហើយទើបមានមនុស្សម្នាដើរផ្សារច្រើនកកកុញ ជាហេតុនាំឲ្យមានមនុស្សស្លាប់និងរបួស រាប់សិបនាក់បែបនេះ។ ក្រៅពីមនុស្សរងគ្រោះថ្នាក់ ការបំផ្ទុះគ្រាប់បែកកក្រើកនោះ បានបង្កឲ្យហាង និងតូបលក់ទំនិញជាច្រើន ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយសំណង់គារដែលនៅក្បែរនោះ ក៏បានរងការខូចខាតផងដែរ។

គួរបញ្ជាក់ថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ករណីខាងលើគឺជាសកម្មភាពរបស់ពួកគេ។ ហេតុការណ៍បំផ្ទុះគ្រាប់បែក ផ្តាច់ជីវិតមនុស្សរាប់សិបនាក់បែបនេះ បានក្លាយជារឿងកម្រនៅក្នុងទីក្រុងបាកដាដ ស្របពេលដែលស្ថានការណ៍សន្តិសុខ បានជួបភាពប្រសើរឡើងនៅអ៉ីរ៉ាក់ ចាប់តាំងតែពីរដ្ឋាភិបាលប្រទេសនេះ បានកម្ចាត់ក្រុម ISS នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧ ប៉ុន្តែពេលខ្លះវានៅតែកើតមាន ដែលជាទូទៅធ្វើឡើងដោយសមាជិក ISS ដែលនៅសល់និងបន្តសំងំខ្លួន ក្នុងប្រទេសអ៉ីរ៉ាក់៕