(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤,២៦៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,០១៨,៦០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៤,៩៨៣នាក់ និងជាសះស្បើយឡើងសរុប ២៩.៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេល ៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកល ដ៏កាចសាហាវមួយនេះ។ ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនក៏បានអំពាវនាវជាថ្មី ឲ្យអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង ប្រញាប់រួសរាន់ទៅទទួលការចាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៦.០៣លាននាក់ (៥៦.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦១.២៣លាននាក់ (៤៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕