(ញូដេលី)៖ លោក អារ៉ូរ៉ា (Arora) ប្រធានក្រុមការងារប្រយុទ្ធប្រឆាំង COVID-19 របស់ឥណ្ឌា បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា សុទ្ធតែមានប្រសិទ្ធភាពទាំងអស់ ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយវែបសាយ Livemint នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក អារ៉ូរ៉ា បានថ្លែងបញ្ជាក់ថាបែបនេះ ដោយសម្អាងលើលទ្ធផលការសិក្សា ដែលធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តរបស់ឥណ្ឌា ICMR ទៅលើប្រសិទ្ធភាពវ៉ាក់សាំងទាំងនោះ ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ រដ្ឋាភិបាលឥណ្ឌា កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca ឬហៅថា Covishield ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកឥណ្ឌាសេរ៉ូម រួមជាមួយវ៉ាក់សាំង Covaxin ដែលអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា ផ្ទាល់គឺ Bharat Biotech ហើយនិងវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៉ី សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសខ្លួន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឥណ្ឌាសម្រេចការចាក់វ៉ាក់សាំងសរុបបានជាង៤០០លានដូស ដោយមនុស្ស៨៣លាននាក់ ឬស្មើនឹងជាង ៦ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ដែលទទួលបានការចាក់គ្រប់ដូស៕