(វ៉ាស៉ីនតោន)៖ អ្នកជំនាញសុខាភិបាលនៅសហរដ្ឋអាមេរិកបាននិយាយថា ខណៈអត្រាចាក់វ៉ាក់សាំង នៅពុំទាន់ឈានដល់កម្រិតគ្រប់គ្រាន់ ដែលអាចបញ្ឈប់ ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅឡើយ ប្រជាជនអាមេរិកភាគច្រើន ដែលមិនបានចាក់វ៉ាក់សាំងការពារ ទំនងជានឹងត្រូវឆ្លងវីរុសបម្លែងថ្មី Delta ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស ដោយជៀសមិនផុតឡើយ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត ស្កត់ ហ្គត់លីប (Scott Gottlieb) ដែលធ្លាប់ជាមន្រ្តីនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីជំនាន់លោក ដូណាល់ ត្រាំ បានលើកឡើងដូចខាងលើ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយបណ្តាញព័ត៌មាន CBS។ លោក Gottlieb បានបន្តយ៉ាងដូច្នេះថា «សម្រាប់មនុស្សភាគច្រើន (មិនទាន់ទទួលការចាក់វ៉ាក់សាំង) ដែលឆ្លងវីរុស COVID-19 បម្លែងថ្មី Delta វានឹងក្លាយជាវីរុសធ្ងន់ធ្ងរបំផុតមួយ នៅក្នុងឆាកជីវិតរបស់ពួកគេ»។

វេជ្ជបណ្ឌិតអាមេរិកមួយចំនួនបានអះអាងថា វីរុសបម្លែងថ្មី Delta ក៏កំពុងធ្វើឲ្យអ្នកមានវ័យក្មេងៗ និងអ្នកធ្លាប់តែមានសុខភាពល្អ ត្រូវធ្លាក់ខ្លួនឈឺ ចូលមន្ទីរពេទ្យផងដែរ ប៉ុន្តែភាគច្រើនសុទ្ធតែមិនបានចាក់វ៉ាក់សាំង។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យអាមេរិក ចនស៍ ហប់ឃីនស៍ (Johns Hopkins) ដែលតាមដានស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក ឥឡូវនេះរដ្ឋនៅអាមេរិកចំនួន ៤៨ កំពុងមើលឃើញអត្រាឆ្លងរាលដាលនៃ COVID-19 កើនឡើងយ៉ាងហោច ១០ភាគរយ បើធៀបនឹងសប្តាហ៍កន្លងមក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៥.៧៦លាននាក់ (៥៦.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦០.៩៩លាននាក់ (៤៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕