(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវនៅថ្ងៃចន្ទនេះ បានប្រកាសពីការសម្រេចចិត្ត បន្តវិធានការបិទខ្ទប់ (lockdown) រយៈពេល ១៥ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោក ធីពផាន់កូន ចន្ថាវង្សា (Thipphakone Chanthavongsa) អនុប្រធានការិយាល័យនាយករដ្ឋមន្រ្តីឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ស្ថានភាពនៅក្នុងប្រទេសជិតខាងរបស់ឡាវ នៅតែមានហានិភ័យ ហើយពលករចំណាកស្រុកមួយចំនួនធំ បានវិលត្រឡប់ចូលមកកាន់ប្រទេសឡាវវិញជារៀងរាល់ថ្ងៃ ដូច្នេះវិធានការបិទខ្ទប់ នឹងត្រូវបានបន្តអនុវត្តរយៈពេល ១៥ថ្ងៃទៀតរហូតដល់ថ្ងៃទី០៣ ខែសីហាខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះឡាវទើបតែបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ១១៤នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៥៤០ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៣១១នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសឡាវសម្រេចបាន ១.៧១លាដូស គិតត្រឹមសប្តាហ៍មុន ដោយក្នុងនោះប្រជាជនជាង ៦៧១,០០០នាក់ (៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕