(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបានប្រកាសថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងចំណាយពេល ១០ថ្ងៃដើម្បីធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីលោកបានជាប់ទាក់ទង ជាមួយនឹងករណីឆ្លងជំងឺ COVID-19 ហើយនេះជាការច្រានចោល នូវការលើកឡើងពីដំបូងថា លោកមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។

ការិយាល័យ Downing Street នៃនាយករដ្ឋមន្រ្តីអង់គ្លេសបានគូសបញ្ជាក់ថា លោក Boris Johnson និងរដ្ឋមន្ត្រីរតនាគារ លោក រីហ្ស៉ី ស៊ូណេក (Rishi Sunak) ត្រូវបានជូនដំណឹងទាំងយប់ដោយកម្មវិធីតាមដាន និងធ្វើតេស្តរកជំងឺ COVID-19 តាមរយៈទូរស័ព្ទដៃថា ពួកលោកបានចូលរួមកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុនជាមួយរដ្ឋមន្រ្តីសុខាភិបាល លោក សាជីដ ចាវីដ (Sajid Javid) ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ លោក Sajid Javid ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយនោះបាននិយាយថា លោកកំពុងមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។

តាមរយៈកម្មវិធីខាងលើនេះ អ្នកដែលត្រូវបានជូនដំណឹង គឺត្រូវតែធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១០ថ្ងៃ បើទោះបីជាវាមិនមែនជាតម្រូវការស្របច្បាប់ក៏ដោយ។ ប៉ុន្តែការិយាល័យ Downing Street កាលពីដំបូងឡើយបាននិយាយថា លោក Boris Johnson និងលោក Rishi Sunak នឹងធ្វើការតេស្តរកជំងឺ COVID-19 ជាប្រចាំថ្ងៃ ជំនួសឱ្យការធ្វើចត្តាឡីស័កវិញ។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការតវ៉ា និងរិះគន់ពីសំណាក់អ្នកនយោបាយជាច្រើននាក់ លោក Boris Johnson បានផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ។

គួរបញ្ជាក់ថា បើតាមការិយាល័យ Downing Street លោក Boris Johnson នឹងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅឯវិមាន ឈែកឺស៍ (Chequers) ដែលជាគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី ខណៈលោក Rishi Sunak ក៏នឹងចូលរួមធ្វើចត្តាឡីស័កដោយខ្លួនឯងផងដែរ៕