(ញូដេលី)៖ មនុស្សយ៉ាងហោច ២៥នាក់បានស្លាប់ បន្ទាប់ពីផ្ទះជាច្រើនខ្នងស្ថិតនៅឯជាយទីក្រុង Mumbai បានបាក់រលំដោយសារតែគ្រោះរអិលបាក់ដី ដែលបង្ក ឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមអាជ្ញាធរឥណ្ឌា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរឥណ្ឌា នៅក្នុងទីក្រុង Mumbai បានឱ្យដឹងទៀតថាមនុស្ស ៤នាក់ផ្សេងទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យស្ថិតនៅក្បែរ កន្លែងកើតហេតុ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ផងដែរ ដែលបានរំខានដល់ការធ្វើចរាចរនៅតាមផ្លូវថ្នល់ និងផ្លូវដែក មួយចំនួននៅតាមផ្នែកជាច្រើននៃទីក្រុង Mumbai។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះទាំងអស់ និងសន្យាផ្ដល់ជំនួយជាបន្ទាន់៕