(ហាណូយ)៖ វៀតណាមនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះបានប្រកាសបិទខ្ទប់តំបន់ភាគខាងត្បូងទាំងមូលនៃប្រទេសរយៈពេល ២សប្ដាហ៍ ដើម្បី ទប់ស្កាត់ករណីឆ្លង COVID-19 ប្រចាំថ្ងៃ ដែលកំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

វិធានការបិទខ្ទប់តំបន់ភាគខាងត្បូងនឹងត្រូវចូលជាធរមាននៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យនេះ ហើយតំបន់ដីសណ្ដរទន្លេមេគង្គ និងតំបន់នានាក្នុងទីក្រុងហូជីមិញ ក៏នឹងត្រូវស្ថិតនៅក្រោមការអនុវត្តវិធានការបិទខ្ទប់នេះដែរ។ ទីក្រុងហូជីមិញ ដែលជាចំណុចកណ្ដាលនៃករណីឆ្លង COVID-19 នៅប្រទេសវៀតណាមត្រូវបាន បិទខ្ទប់ទាំងស្រុងអស់រយៈពេលមួយសប្ដាហ៍មកហើយ។ បើតាមអាជ្ញាធរវៀតណាម ការជួបជុំចាប់ពី ២នាក់ឡើងទៅនៅតាមទីសាធារណៈត្រូវបានឃាមឃាត់ លើកលែងតែការជួបជុំរបស់អាជ្ញាធរ, មន្ទីរពេទ្យ ខណៈប្រជាជនអាចចេញក្រៅផ្ទះបានសម្រាប់តែការទិញម្ហូប, ថ្នាំពេទ្យ ឬករណីពិសេសបន្ទាន់ដែលអាជ្ញាធរ អនុញ្ញាតតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៤៥,៨៨៤នាក់ ក្នុងនោះស្លាប់២២៥នាក់៕