(ប៉ារីស)៖ ប្រជាជនបារាំងច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដើម្បីបង្ហាញការជំទាស់ទៅនឹងផែនការរបស់រដ្ឋាភិបាល លោកប្រធានាធិបតី ម៉ាក្រុង ដែលចង់ឲ្យកំណត់យកការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺជាកាតព្វកិច្ចសាធារណៈទូទៅតែម្តង ចំពោះមុខការព្រួយបារម្ភពីការ ឆ្លងរាលដាលនៃវីរុស COVID-19 បម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

បើតាមផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលបារាំង បុគ្គលិកសុខាភិបាលទាំងអស់នឹងតម្រូវឱ្យចាក់វ៉ាក់សាំងជាចំាបាច់ ហើយប្រជាជនបារាំងត្រូវតែមានលិខិត បញ្ជាក់តេស្ដអវិជ្ជមាន COVID-19 ឬបានចាក់វ៉ាក់សាំងពេញលេញ មុនអនុញ្ញាតឱ្យចូលទៅកាន់កន្លែងមួយនានាដូចជាភោជនីយដ្ឋាន និងរោងភាពយន្ដជាដើម។

ក៏ប៉ុន្តែ ក្រុមបាតុករបានរិះគន់យ៉ាងខ្លាំងដោយពួកគេចាត់ទុកថាវិធានការទាំងនេះនឹងបំផ្លាញដល់សេរីភាពរបស់ពួកគេ និងអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។ ប៉ូលិស បារាំងបានឱ្យដឹងថាក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ានៅឯ ១៣៧ទីតាំងនៅទូទាំងប្រទេសនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានបាតុករជិត ១១៤,០០០នាក់ ចូលរួមក្នុងបាតុកម្មតវ៉ា ហើយក្នុងនោះមាន ១៨,០០០នាក់ប្រមូលផ្ដុំគ្នាតវ៉ាក្នុងទីក្រុងប៉ារីស។

គួរបញ្ជាក់ថា គិតត្រឹមចុងសប្ដាហ៍នេះ បារាំងសម្រេចបានការចាក់វ៉ាក់សាំង ៥៥.៥ភាគរយនៃប្រជាជនបារាំងដែលបានចាក់វ៉ាក់សាំងដូសទី១ និង៤៤.៨ភាគរយ ចាក់វ៉ាក់សាំងពេញលេញ ឬ២ ដូស៕