(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង បានធ្វើការជំរុញមួយទៅដល់រដ្ឋាភិបាល ឲ្យកំណត់យកការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺជាកាតព្វកិច្ចសាធារណៈទូទៅតែម្តង ដូច្នេះទើបរដ្ឋាភិបាលអាចចាត់វិធានការរហ័ស ប្រសិនបើជំងឺរាតត្បាតសកលនេះ វិវដ្តទៅកាន់តែអាក្រក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តមួយរួចទៅហើយ នោះគឺការកំណត់យកការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺជាកាតព្វកិច្ច សម្រាប់បុគ្គលិកបម្រើការងារផ្នែកសុខាភិបាលទាំងអស់ ប៉ុន្តែបារាំងបានចៀសវាងក្នុងការធ្វើបែបនេះ ចំពោះសាធារណជនទូទៅ។

យ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលបារាំង HAS បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឲ្យរដ្ឋាភិបាលសម្លឹងមើលទៅលើលទ្ធភាព នៃការកំណត់ឲ្យការចាក់វ៉ាក់សាំង ក្លាយជាកាតព្វកិច្ចសាធារណៈ ចំពោះប្រជាជនទាំងអស់ដែលងាយប្រឈមមុខ នឹងការឆ្លងជំងឺ COVID-19។

សេចក្តីថ្លែងការណ៍របស់ HAS បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ជំងឺរាតត្បាតសកល ដែលមានសន្ទុះរាតត្បាតដ៏ឆាប់រហ័សនេះ កំពុងតែជំរុញឲ្យមានការបង្កើន យុទ្ធនាការចាក់វ៉ាក់សាំងឲ្យបានកាន់តែច្រើន... និយាយជារួម គឺសម្រាប់ប្រជាជនទាំងអស់ ដែលងាយរងគ្រោះ»