(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា វីរុស COVID-19 បម្លែងថ្មី Delta ឥឡូវនេះ មានចំនួនករណីឆ្លងច្រើនជាងគេ នៅទូទាំងពិភពលោកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។

អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានប្រាប់ថា វីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ជាងវីរុសធម្មតា ត្រូវបានរកឃើញនៅក្នុងប្រទេសជាង ១០០ នៅជុំវិញពិភពលោក ហើយឥឡូវវាក្លាយជាវីរុសបម្លែងថ្មីរបស់ COVID-19 ដែលមានចំនួនករណីឆ្លងច្រើនជាងបំផុត។ លោក Fauci បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមនឹងវីរុស COVID-19 បម្លែងថ្មីៗដ៏គួរឲ្យខ្លាច។

ទន្ទឹមគ្នានេះដែរ នាយកទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺអាមេរិក លោកស្រី រ៉ូជែល វ៉ាលែនស្គី (Rochelle Walensky) ក៏បានបង្ហាញនូវការកត់សម្គាល់ អំពីកំណើននៃអត្រាអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិកផងដែរ ជាពិសេសនៅតាមផ្នែកនៃប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងស្ថិតនៅកម្រិតទាបនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៥.១៣លាននាក់ (៥៦.៤%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦០.៤លាននាក់ (៤៨.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕