(ប៉េកាំង)៖ នាយប់ថ្ងៃទី១៦ ខែកក្កដា នៅទីក្រុងប៉េកាំង តបដោយការអញ្ជើញ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក(APEC) តាមប្រព័ន្ធវីដេអូ និងបានថ្លែងសុន្ទរកថា។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនជាង ៥០០លានដូស ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ចិននឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភអន្តរជាតិចំនួន ៣,០០០លានដុល្លារអាមេរិកបន្ថែមទៀត។ ប្រទេសចិនមានឆន្ទៈចូលរួមយ៉ាងសកម្ម ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការធានាសុវត្ថិភាពនិងស្ថិរភាព នៃខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង និងការជំរុញចរាចរណ៍នៃសម្ភារៈគន្លឹះ ហើយចិននឹងចាត់វិធានដ៏មានប្រសិទ្ធភាព ដើម្បីធានានូវការផ្លាស់ប្តូរប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់រវាងបុគ្គល។ ប្រទេសចិននឹងបរិច្ចាគប្រាក់ដល់អង្គការAPEC សម្រាប់បង្កើតមូលនិធិរងដើម្បីទប់ទល់នឹង ជំងឺឆ្លងនិងស្តារសេដ្ឋកិច្ចឡើងវិញ”។

លោក Xi Jinping បានសង្កត់ធ្ងន់ថា សន្តិភាពនិងវឌ្ឍនភាពនៅតែជា ប្រធានបទសំខាន់នៃយុគសម័យ។ កាលពីឆ្នាំទៅមិញ យើងបានលើកឡើងនូវគោលដៅ ស្តីពីការបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក។ ការយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ និងជំរុញឱ្យសេដ្ឋកិច្ចពិភពលោកស្តារឡើងវិញ គឺជាភារកិច្ចសំខាន់បំផុតនាពេលបច្ចុប្បន្ន សម្រាប់គ្រប់រដ្ឋសមាជិក APEC។ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ឱ្យបានកាន់តែស៊ីជម្រៅ បន្តប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្តាប់ជាប់កាលានុវត្តភាពថ្មីនៃការច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យា។

មិនតែប៉ុណ្ណោះ ប្រទេសចិននឹងបង្កើតបរិយាកាសធ្វើពាណិជ្ជកម្ម កាន់តែមានភាពទាក់ទាញ បន្តជំរុញការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។ ចិននឹងរួមជាមួយពិភពលោក និងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកនានា សម្រេចការផ្តល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះក្នុងកម្រិតកាន់តែខ្ពស់។

លោក Xi Jinping បានបញ្ជាក់នៅទីចុងបំផុតថា យើងមានទំនុកចិត្តពេញលេញចំពោះ ការដែលមនុស្សជាតិយកឈ្នះនឹង ជំងឺឆ្លងដោយរួមសហប្រតិបត្តិការគ្នា ចំពោះអនាគតដែលសេដ្ឋកិច្ចពិភពលោកស្តារឡើងវិញ ចំពោះអនាគតដ៏ល្អបវររួមគ្នាសម្រាប់មនុស្សជាតិ។ យើងទាំងអស់គ្នា ឆ្លងផុតព្យុះភ្លៀងគ្នា ជួយហើយគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើតនិងចែករំលែកគ្នានូវ អនាគតដ៏រុងរឿងនិងល្អបវរនៃអាស៊ីប៉ាស៊ីហ្វិក៕