(កង់បេរ៉ា)៖ ទីភ្នាក់ងារជាតិវិទ្យាសាស្រ្ត នៃប្រទេសអូស្រ្តាលីបានរកឃើញថា វ៉ាក់សាំងដែលមិនសូវទាមទារសីតុណ្ហភាពត្រជាក់ខ្លាំង គឺនៅតែមានប្រសិទ្ធភាពប្រឆាំងវីរុស COVID-19 បម្លែងថ្មីៗទាំង ០៤ប្រភេទ ដែលគួរឲ្យបារម្ភខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងការសិក្សាមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នកស្រាវជ្រាវមកពី ទីភ្នាក់ងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត CSIRO របស់អូស្រ្តាលី បានបង្ហាញលទ្ធផល នៃការវាយតម្លៃលើប្រសិទ្ធភាព ចំពោះរូបមន្តវ៉ាក់សាំង COVID-19 ធន់នឹងកម្តៅ ដែលអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តរបស់ប្រទេសឥណ្ឌា IISc និងក្រុមហ៊ុនជីវបច្ចេកវិទ្យាឥណ្ឌា ម៉ាយអ៊ែនវ៉ាកស៍ (Mynvax)។

ក្រុមអ្នកស្រាវជ្រាវអូស្រ្តាលីបានរកឃើញថា រូបមន្តវ៉ាក់សាំងទាំងអស់របស់ក្រុមហ៊ុន Mynvax ដែលត្រូវបានធ្វើតេស្ត គឺសុទ្ធតែអាចបង្កើតអង់ទីករ ដែលមានសមត្ថភាពកម្ចាត់វីរុសបម្លែងថ្មីចម្បងៗនៃ COVID-19 រួមមាន Alpha (រកឃើញដំបូងនៅអង់គ្លេស), Beta (រកឃើញដំបូងនៅអាហ្រិ្វក ខាងត្បូង), Gamma (រកឃើញដំបូងនៅប្រេស៉ីល) និង Delta (រកឃើញដំបូងនៅឥណ្ឌា) បានដោយមានប្រសិទ្ធភាព និងជាប់លាប់ផងដែរ។ ការពិសោធន៍នោះ ត្រូវបានធ្វើឡើងចំពោះសត្វកណ្តុរ។

អ្វីដែលសំខាន់ គឺរូបមន្តវ៉ាក់សាំងទាំងនោះ អាចរក្សាស្ថិរភាពរបស់ពួកវា នៅក្រោមសីតុណ្ហភាព៣៧អង្សាសេ សម្រាប់រយៈពេល១ខែ និងនៅក្រោមសីតុណ្ហភាព១០០អង្សាសេ សម្រាប់រយៈពេល៩០នាទី។ បើប្រៀបធៀបជាមួយបណ្តាវ៉ាក់សាំង ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដូចជា Pfizer-BioNTech ជាដើម គឺត្រូវរក្សាទុកក្រោមសីតុណ្ហភាព -៧០អង្សាសេ ដែលត្រជាក់ខ្លាំងបំផុត ខណៈវ៉ាក់សាំង AstraZeneca ត្រូវរក្សាទុកយ៉ាងហោចចន្លោះ២-៨អង្សាសេ ដោយមិនអាចខ្ពស់ជាងនេះឡើយ។

គួរបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានដោយទីភ្នាក់ងារ CSIRO នឹងត្រូវប្រើប្រាស់ ដើម្បីជ្រើសរើសរូបមន្តវ៉ាក់សាំងណាមួយរបស់ក្រុមហ៊ុន Mynvax ដែលគួរបន្តទៅដល់ដំណាក់កាលធ្វើតេស្តលើមនុស្ស និងគ្រោងធ្វើឡើងនៅប្រទេសឥណ្ឌា កំលុងចុងឆ្នាំ២០២១នេះ។ ប្រភេទវ៉ាក់សាំង ដែលមិនសូវត្រូវការសីតុណ្ហភាពត្រជាក់ខ្លាំង គឺមានសារៈសំខាន់ជាពិសេស សម្រាប់តំបន់នៅឆ្ងាយៗ ឬខ្វះខាតធនធានក្នុងការរក្សាទុក ដូចវ៉ាក់សាំងភាគច្រើនបច្ចុប្បន្ន ដែលតម្រូវឲ្យមានការរក្សាទុក នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង៕