(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៅសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការពិសោធន៍ និងសិក្សាអំពីលទ្ធភាពដែលវីរុស COVID-19 អាចត្រូវចម្លងពីបរិស្ថាន និងសត្វនានាមកកាន់មនុស្ស ព្រមឱកាសដែលជំងឺរាតត្បាតថ្មី អាចបង្កការគំរាមកំហែងបន្ថែមទៀត នៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ចេញពីសារព័ត៌មាន ABC7 Eyewitness News នារសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី វេណេសា ហេល (Vanessa Hale) ជំនួយការសាស្ត្រាចារ្យ នៃនាយកដ្ឋានថ្នាំបង្ការបសុពេទ្យ ចំណុះឲ្យសាកលវិទ្យាល័យ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិកបានលើកឡើងថា «យើងបានដឹងថាវីរុស (COVID-19) នេះ អាចតោងជាប់សត្វមួយចំនួន ហើយអ្វីដែលយើងចង់ដឹងបន្ទាប់ទៀត ឬក៏ត្រូវរកចម្លើយឲ្យបានកាន់តែលឿនបំផុតនោះ គឺថាតើមានសត្វណាផ្សេងទៀតទេ ដែលវីរុសនេះអាចតោងជាប់បាន»

បើតាមសារព័ត៌មានខាងលើនេះ ការសិក្សាស្វែងរកប្រភេទសត្វ ឬបរិស្ថាន ដែលអាចជាប្រភពចម្លង COVID-19 មកកាន់មនុស្សខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ថា អ៊ីស្កោត (eScout)។ កម្មវិធី eScout នឹងត្រូវស្វែងយល់ឲ្យច្បាស់លាស់ថា តើប្រភេទសត្វទាំងនោះ អាចឲ្យវីរុសតោងជាប់ក្នុងកម្រិតណា ហើយវាអាចមានឱកាសក្នុងការចម្លងរោគ ទាំងនោះមកកាន់មនុស្សដែរឬទេ និងដោយវិធីណា។

គួរបញ្ជាក់ថា ក្រុមការងារខាងលើនេះ ក៏បានចុះទៅសិក្សាផងដែរ នៅតាមកន្លែងបង្ហូរទឹកកាកសំណល់ ដើម្បីស្វែងរកវីរុសកូរ៉ូណា (SARS-CoV-2) និងស្វែងយល់អំពីប្រភេទនៃវីរុស ដែលអាចស្ថិតនៅទីកន្លែងទាំងនោះ។ ការធ្វើបែបនេះនឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក រកឃើញនូវវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការជំងឺ COVID-19 នៅក្នុងរយៈពេលវែង ហើយវាក៏មានប្រយោជន៍ដល់ការទប់ស្កាត់ ជំងឺរាតត្បាតសកលប្រភេទថ្មីៗទៀត នៅថ្ងៃអនាគតផងដែរ៕