(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងប្រទេសរបស់ខ្លួន ខណៈមនុស្សម្នាក់ទៀត បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បានថ្លែងប្រាប់សន្និសីទកាសែតមួយថា ក្នុងចំណោមករណីឆ្លងថ្មីៗនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ចំនួន ១៦ករណី មាន ១១ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ខណៈ ០៥ករណីទៀត គឺជាករណីនាំចូល ដែលត្រូវបានរកឃើញនៅលើ ជនជាតិហ្វីលីពីន ដែលទើបវិលត្រលប់មកពីប្រទេសអារ៉ាប់រួម (UAE), កាតា (Qatar) និងចក្រភពអង់គ្លេស (UK) វិញ។

ទន្ទឹមនឹមនេះ អ្នកជំងឺម្នាក់ ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងរដ្ឋធានីម៉ានីល (Manila) កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៤៩០,៦៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៣១៤នាក់ និងអ្នកជាសះស្បើយ ១,៤១៨,៨៥៦នាក់។ ដោយឡែក គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន ក៏បានផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនជាង ១៣.៤៤លានដូសហើយដែរ៕