(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅប្រទេសនូវែលសេឡង់ និងតំបន់ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

ការហៅទូរស័ព្ទនេះ បានធ្វើឡើងនៅមុនកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ដែលផ្ដោតសំខាន់ទៅលើបញ្ហាជំងឺរាតត្បាតសាកល COVID-19 ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃសុក្រនេះ។

លោកស្រី Ardern បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានាធិបតីអាមេរិក លោក បៃដិន និងខ្ញុំបានពិភាក្សាគ្នាអំពីកិច្ចប្រជុំមេដឹកនាំ APEC ដែលនឹងខិតជិតមកដល់នេះ ក៏ដូចជាសារៈសំខាន់នៃការធ្វើការរួមគ្នា ក្នុងនាមជាតំបន់មួយ ដើម្បីឈានទៅរកការបញ្ឈប់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានដោយជោគជ័យ»

លោកស្រី Ardern បានគូសបញ្ជាក់បន្ថែមថា «យើងក៏បានពិភាក្សាផងដែរ អំពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះ ទាំងនៅក្នុងប្រទេសរៀងៗខ្លួន និងនៅតំបន់ប៉ាស៊ីហ្វិក រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងទាំងពីរ ដើម្បីធានាបាននូវវ៉ាក់សាំងផងដែរ»

គួរបញ្ជាក់ថា កិច្ចប្រជុំ APEC ដែលធ្វើឡើងនៅថ្ងៃសុក្រនេះ មានគោលបំណងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលនឹងមានការចូលរួមដោយមេដឹកនាំមកពីប្រទេសចំនួន២១៕