(វ៉ាស៊ីនតោន)៖ ជនជាតិអាហ្វហ្គានីស្ថាន ២០,០០០នាក់ ដែលធ្លាប់បម្រើការជាអ្នកបកប្រែឱ្យកងទ័ពអាមេរិក ក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន និងកំពុងព្រួយបារម្ភពីការសងសឹក ពីសំណាក់ក្រុមតាលីបង់នោះ បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមានលោកស្រី ចេន សាគី (Jen Psaki) បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាផងដែរ លើការដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន ដោយក្រុមគ្រួសារជាច្រើននាក់ទៀត របស់អតីតអ្នកបកប្រែឱ្យកងទ័ពអាមេរិក។ ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ថា មានប៉ុន្មានគ្រួសារដែលបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិកនោះទេ ខណៈមានការប៉ាន់ស្មានជាច្រើនថា ជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់ អាចដាក់ពាក្យសុំសិទ្ធិជ្រកកោន គឺមានរហូតដល់ជាង ១០០,០០០នាក់ឯណោះ។

បើតាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញទាំងស្រុងពីអាហ្វហ្គានីស្ថាន នៅត្រឹមចុងខែសីហាខាងមុខនេះ ពោលគឺឱ្យបាន
មុនថ្ងៃខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកសម្រេចបានការដកកងទ័ពបានច្រើនជាង ៩០ភាគរយ ហើយបើតាមក្រុមមន្ត្រីអាមេរិក ការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលធ្លាប់បម្រើការឱ្យកងទ័ពអាមេរិក អាចនឹងធ្វើនៅក្នុងខែកក្កដានេះ៕