(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៦,៦៧៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៤៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៨៨៧,១៥៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៤,២១៤នាក់ និងជាសះស្បើយឡើងសរុប ២៩.៣៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បើតាមរបាយការណ៍ពីអាជ្ញាធរអាមេរិក រយៈពេលជាងបីសប្តាហ៍ចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានការកើនឡើងវិញខ្លាំង ហើយសម្រាប់មូលហេតុចម្បងៗ គឺដោយសារតែការរាតត្បាតដ៏រហ័សនៃវីរុស COVID-19 បម្លែងថ្មី Delta និងអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង នៅមានច្រើនទៀត។ យ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិកក៏បានបដិសេធផងដែរ ចំពោះការជំរុញពីក្រុមហ៊ុន Pfizer ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ (booster shot) ជូនប្រជាជនអាមេរិកនៅកំលុងពេលនេះ ព្រោះវានៅមិនទាន់ចាំបាច់ឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៤.១៤លាននាក់ (៥៦.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៩.២៦លាននាក់ (៤៨.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕