(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាបច្ចេកវិទ្យាឆ្លាតវៃ ឬ AI (Artificial intelligence) នឹងក្លាយជាកត្តាដ៏សំខាន់មួយដែល នឹងកំណត់អ្នកឈ្នះ-អ្នកចាញ់នៅក្នុងសង្រ្គាមសម័យទំនើបនៅពេលអនាគត។ លោក Austin ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅទៅលើការប្រកួតប្រជែងដើម្បី រក្សាតំណែងជាកំពូលមហាអំណាចខាង «បច្ចេកវិទ្យាឆ្លាតវៃ» ជាមួយចិនដែលកំពុងបោះពួយទៅមុខយ៉ាងលឿនរហ័សក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ។

នៅក្នុងសុន្ទរកថានៅឯសន្និសីទអន្តរជាតិមួយរៀបចំឡើងដោយគណៈកម្មការសន្តិសុខជាតិស្ដីពីបច្ចេកវិទ្យាឆ្លាតវៃ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់, បច្ចុប្បន្នយើងមិនមែនជាប្រទេសតែមួយគត់ ដែលយល់ច្បាស់ពីបច្ចេកវិទ្យា AI នោះទេ ហើយកាន់តែច្បាស់ទៅទៀតនោះ ថ្នាក់ដឹកនាំចិនបានបង្ហាញ កាន់តែច្បាស់ថាពួកគេមានបំណងចង់ក្លាយជាកំពូលមហាអំណាចខាងបច្ចេកវិទ្យា AI នៅមុនឆ្នាំ២០៣០»។ ប្រមុខការពារជាតិអាមេរិករូបនេះបានបន្ថែមថាដើម្បីយកឈ្នះ ចិន និងរក្សាតំណែងជាកំពូលមហាអំណាច AI សហរដ្ឋអាមេរិកនឹងវិនិយោគប្រាក់ជិត ១.៥ពាន់លានដុល្លារសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

បើតាមលោក Austin ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍមិនមែនសម្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗនោះទេ ប៉ុន្តែសាកលវិទ្យាល័យ និងក្រុមហ៊ុនខ្នាតតូច ឬមធ្យម នានារបស់សហរដ្ឋអាមេរិក ក៏ត្រូវបានបើកទូលាយឱ្យចូលរួមផងដែរ។ កាលពីខែឧសភាកន្លងទៅ លោក Lloyd Austin បានចុះហត្ថលេខាលើឯកសារយុទ្ធសាស្ត្រថ្មីមួយ មានឈ្មោះថា JADC2 ដែលមានគោលដៅតភ្ជាប់ការអង្កេត និងទិន្នន័យស៊ើបការណ៍សម្ងាត់ពីគ្រប់ស្ថាប័នយោធាអាមេរិកទាំងអស់ទៅជាបណ្ដាញ network តែមួយ ហើយ បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាដទៃទៀតនឹងត្រូវបានប្រើប្រាស់ជាចាំបាច់ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រ នេះ។

ផែនការយុទ្ធសាស្ត្រថ្មីខាងលើបានឆ្លុះបញ្ចំងថាមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានងាកចេញឆ្ងាយពីការផ្ដោតទៅលើសង្រ្គាមប្រឆាំងភេរវករ ហើយងាកមក ផ្តោតលើសង្រ្គាមសម័យទំនើបវិញ។ និយាយពីកម្លាំង និងបច្ចេកវិទ្យា សហរដ្ឋអាមេរិកនាំមុខដាច់លើក្រុមភេរវករក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែប្រឈមមុខនឹងមហាយក្ស ដូចជាចិន គឺខុសគ្នាស្រឡះដោយចិនបច្ចុប្បន្នត្រូវបានគេមើលឃើញថាកំពុងដេញតាមប្រកៀកសហរដ្ឋអាមេរិកទាំងខាងបច្ចេកវិទ្យានៅលើដី, សមុទ្រ, អាកាស,ទីអវកាស, ព័ត៌មានវិទ្យា និងជាពិសេសខាងបច្ចេកវិទ្យា AI តែម្ដង។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថាមន្ទីរបញ្ចកោណកំពុងព្យាយាមស្វែងរក កិច្ចសហការ និងធ្វើការជាមួយបណ្ដាប្រទេសច្រើនជាង៣០ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ JADC2។

*ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាច AI?

កាលពីខែមីនាកន្លងទៅ គណៈកម្មការសន្តិសុខជាតិស្ដីពីបច្ចេកវិទ្យា AI (National Security Commission on Artificial Intelligence) បាននិយាយថាសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់តំណែងជាកំពូលមហាអំណាចបច្ចេកវិទ្យា AI ដោយសារតែការពឹងផ្អែកខ្លាំងហួសហេតុពេកទៅលើបន្ទះឈីបដែលផលិត ដោយកោះតៃវ៉ាន់។ នៅក្នុងរបាយការណ៍សិក្សាស្រាវចំណាយពេល ២ឆ្នាំរបស់ខ្លួន អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google និងជាប្រធានគណៈកម្មការសន្តិសុខជាតិស្ដីពី បច្ចេកវិទ្យា AI លោក Eric Schmidt ក៏បានព្រមានដែរថា១០ឆ្នាំទៅមុខទៀត ចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាច AI បើសិនជាគ្មានអ្វីបង្អាក់ ដំណើរទៅមុខរបស់ចិនទេនោះ។

លោក Eric Schmidt បានលើកឡើងដូច្នេះថា៖ «យើងកំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់តំណែងជាកំពូលមហាអំណាច AI ដោយសារតែការពឹងផ្អែកខ្លាំង ពេករបស់ពួកយើងទៅលើកោះតៃវ៉ាន់»។ ដូចគ្នាទៅនឹងលោក Schmidt ដែរ លោក Bob Work ជាអតីតអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក និងបច្ចប្បន្នជាសហប្រធានគណៈកម្មាការខាងលើដែរនោះ បានអះអាងថាការពឹងផ្អែកលើបន្ទះឈីបផលិតដោយកោះតៃវ៉ាន់គឺជារឿងដ៏គ្រោះថ្នាក់មួយរបស់សហរដ្ឋអាមេរិក ពីព្រោះថាកោះតៃវ៉ាន់ ស្ថិតនៅក្រោមការគំរាមកំហែងគ្រប់ពេលវេលា ហើយគេក៏មិនដឹងថាពេលណា ចិននឹងបង្រួបបង្រួមដែនកោះមួយនេះដែរ។ នៅក្នុងន័យនេះ លោក Bob Work ចង់ក្រើន រំលឹកថាបើសិនជាកោះតៃវ៉ាន់ធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ចិនមែន នោះសហរដ្ឋអាមេរិកអាចនឹងបាត់បង់ការផ្គត់ផ្គង់បន្ទះឈីបពីតៃវ៉ាន់ ដែលត្រូវបានគេចាត់ទុកថាជាអ្នកផលិតបន្ទះឈីបល្អដាច់គេនៅលើពិភពលោក។

លោក Bob Work បន្ថែមថាដើម្បីប្រកួតប្រជែងជាមួយចិន និងរក្សាតំណែងជាកំពូលមហាអំណាចបចេ្ចកវិទ្យា AI សហរដ្ឋអាមេរិកត្រូវតែបង្កើនការវិនិយោគ, និងការសិក្សា ស្រាវជ្រាវលើបច្ចេកវិទ្យាមួយនេះដោយត្រូវចំណាយប្រាក់យ៉ាងហោច ៤០ពាន់លានដុល្លារ, បង្កើតក្រុមប្រឹក្សាប្រកួតប្រជែងបច្ចេកវិទ្យា (Technology Competitiveness Council) ព្រមទាំងពង្រឹងសមត្ថភាពផលិតបន្ទះឈីបរបស់ក្រុមហ៊ុននៅក្នុងស្រុក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត និងជាដៃគូរ ផងដែរ។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកធ្លាប់បានដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកលើនាំចូល បន្ទះឈីបពីបរទេសផងដែរ ក្នុងនោះរួមមានទាំងការបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនឈានមុខគេខាងផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់ សាងសង់ រោងចក្រផលិតបន្ទះឈីបនៅក្នុងរដ្ឋ Arizona៕

ប្រភព៖ Nikkei, Financial Times (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១)