(ម៉ូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីៗ ចំនួន ៧៩១នាក់ ដោយសារជំងឺ COVID-19 ដែលជាតួលេខច្រើនបំផុត មិនធ្លាប់ជួបប្រទះ សម្រាប់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

វាក៏ជាថ្ងៃទី៣ជាប់គ្នាផងដែរ ដែលប្រទេសរុស្ស៉ីបានបន្តបំបែកកំណត់ត្រា នៃចំនួនករណីស្លាប់ដោយសារ COVID-19 ដោយកាលពីថ្ងៃពុធម្សិលមិញ រុស្ស៉ីបានប្រកាសពីករណីស្លាប់ប្រចាំថ្ងៃចំនួន៧៨៦នាក់ ហើយកាលពីថ្ងៃអង្គារគឺ៧៨០នាក់។ នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីក៏បានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗ ២៥,២៩៣នាក់ផងដែរ ក្នុងកំលុងពេល២៤ម៉ោងកន្លងទៅ។

មួយរយៈចុងក្រោយនេះ រុស្ស៉ីកំពុងប្រឈមនឹងការកើនឡើង នៃករណីឆ្លងនិងស្លាប់ ដោយសារជំងឺ COVID-19 ខណៈដែលអត្រាចាក់វ៉ាក់សាំង ស្ថិតនៅកម្រិតទាបនៅឡើយ បូករួមជាមួយការរាតត្បាតនៃវីរុសបម្លែងថ្មី Delta។

គួរបញ្ជាក់ថា មកទល់ឥឡូវ ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសរុស្ស៉ី បានកើនដល់៥,៨៨២,២៩៥នាក់ ក្នុងនោះមានអ្នកស្លាប់ ១៤៦,០៦៩នាក់ និងជាសះស្បើយ៥,២៧៨,៩៧៦នាក់។ ប្រទេសដែលមានប្រជាជនសរុបជាង ១៤៤លាននាក់នេះ ទើបចាក់វ៉ាក់សាំងយ៉ាងហោចមួយដូស ជូនប្រជាជនបានខ្ទង់២០ភាគរយប៉ុណ្ណោះ៕