(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៉ី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,២១៥ករណីបន្ថែមទៀត ដែលនេះជាលើកទី១ ហើយដែលប្រទេសនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងប្រចាំថ្ងៃច្រើនជាង ១៣,០០០ករណីបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលម៉ាឡេស៉ី ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ ក្លាង វ៉ាលឡេយ (Klang Valley) ដោយមាន ៦,១២០ករណីត្រូវបានរកឃើញ នៅក្នុងរដ្ឋសេឡាំងហ្គ័រ (Selangor) និង ១,៤៩៩ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីគូឡាឡាំពួ។ រីឯ ១,៦០៣ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋជិតខាង គឺរដ្ឋ ណេហ្គែរី សេមប៊ីឡាន (Negeri Sembilan) និង ៥៩៩ករណីត្រូវបានរកឃើញនៅក្នុងទីក្រុង Johor ខណៈ ៥០៩ករណីទៀតត្រូវបានរកឃើញនៅក្នុងរដ្ឋ Penang។

ម៉ាឡេស៊ី បានសម្រេចចិត្តបិទខ្ទប់ប្រទេសជាលើកទី៣ កាលពីនៅថ្ងៃទី០១ ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ជាលើកដំបូងកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ជាមួយចំនួន ៩,០២០ករណីក្នុងមួយថ្ងៃ និងបានកើនឡើងដល់ជាង ៩,១០០ករណីក្នុងមួយថ្ងៃកាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ និងបន្តកើនឡើងរហូតដល់ជាង ១១,០០០ករណីក្នុងមួយថ្ងៃជាលើកដំបូងកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ម៉ាឡេស៊ី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៨៨០,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៦១៣នាក់ និងអ្នកជាសះស្បើយ ៧៦៥,៨០០នាក់៕