(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនឹងរៀបចំពិធីបុណ្យធម្មយាត្រាហាជ្ជ (Haj) ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ក្រោមការអនុវត្តវិធានការរឹតត្បិតទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 ដោយអនុញ្ញាតឱ្យប្រជាជននៅក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬពីរដូសរួចរាល់តែប៉ុណ្ណោះ អាចចូលរួមក្នុងពិធីបុណ្យនេះបាន ខណៈជនបរទេសត្រូវបានហាមឃាត់ជាលើកទី ២ ក្នុងរយៈពេលពេល ០២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើរបស់អាជ្ញាធរអារ៉ាប៊ីសាអូឌីត ធ្វើឡើងដើម្បីរក្សាឱ្យបាននូវជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល COVID-19 កំឡុងពិធីធម្មយាត្រាហាជ្ជ ដែលមានរយៈពេលសរុប ០៥ថ្ងៃ ដូចកាលពីឆ្នាំ២០២០កន្លងទៅ។ នៅក្រោមការអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ប្រជាជននៅក្នុងស្រុក ៦០,០០០នាក់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស ត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអូឌីត អនុញ្ញាតឱ្យធ្វើធម្មយាត្រាហាជ្ជ ហើយចំនួននេះខ្ពស់ជាងកាលពីឆ្នាំ២០២០ ប៉ុន្តែក៏នៅតិចតួចបំផុត បើធៀបទៅនឹងការធ្វើធម្មតយាត្រាមុនការផ្ទុះ COVID-19។

គួររំលឹកថា កាលពីឆ្នាំ២០១៩ ប្រជាជនមូស្លីមមកពីជុំវិញពិភពលោកជាង ២.៥លាននាក់បានចូលរួមនៅក្នុង ពិធីធម្មយាត្រាហាជ្ជនាពេលនោះ។ ហាជ្ជគឺជាកត្វាកិច្ច និងជាមូលដ្ឋានគ្រឹះមួយ ក្នុងចំណោមមូលដ្ឋានគ្រឹះទាំង ៥ នៃសាសនាអ៉ីស្លាម ដែលជនមូស្លីមមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់គ្រប់រូប ត្រូវតែអនុវត្តឱ្យបានយ៉ាងហោចម្ដងក្នុងមួយជីវិត៕