(ម៉ូស្គូ)៖ ប្រទេសរុស្ស៉ីកំពុងញាប់ដៃញាប់ជើង ក្នុងការផលិតកប៉ាល់យក្សបំបែកទឹកកក (ice-breaker) ជាច្រើនគ្រឿង ស្របពេលដែលបណ្តាមហាអំណាចពិភពលោក កំពុងសម្លឹងមើលមិនដាក់ភ្នែក ទៅលើតំបន់សមុទ្រទឹកកកអាក់ទិច នៅប៉ូលខាងជើងផែនដី ដែលអាចក្លាយជាប្រភពធនធាន និងច្រកផ្លូវទឹកដ៏សំខាន់ថ្មីនាពេលអនាគត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

កប៉ាល់ធំៗចំនួន ០៤គ្រឿង ដែលមានសមត្ថភាពធ្វើដំណើរកាត់ផ្ទាំងទឹកកកលើផ្ទៃសមុទ្រ ព្រមទាំងដើរដោយថាមពលនុយក្លេអ៊ែរ កំពុងស្ថិតក្រោមការសាងសង់យ៉ាងសស្រាក់សស្រាំ នៅឯទីក្រុង សង់ ភីតធើស្បឺក (Saint Petersburg) នៃប្រទេសរុស្ស៉ី។ ក្នុងចំណោមកប៉ាល់ទាំង ០៤គ្រឿងនោះ មាន ០១គ្រឿងត្រូវបានរំពឹងថា នឹងសាងសង់រួចនៅចុងឆ្នាំនេះ, មួយគ្រឿងទៀតនៅឆ្នាំ២០២២, មួយគ្រឿងទី ៣ នៅឆ្នាំ២០២៤ និងមួយគ្រឿងចុងក្រោយ (ទី៤) នៅឆ្នាំ២០២៦។

កប៉ាល់ទាំងនោះ នឹងមានសមត្ថភាពខ្ពស់ ក្នុងការធន់នឹងលក្ខខណ្ឌអាកាសធាតុ ដ៏ត្រជាក់ខ្លាំងបំផុតនៅប៉ូលខាងជើង។ ពួកវានឹងមានកម្ពស់ ៥២ម៉ែត្រ និងបណ្តោយ ១៧៣ម៉ែត្រ ហើយអាចធ្វើដំណើរកាត់ផ្ទាំងទឹកកក កម្រាស់រហូតដល់ជិត ៣ម៉ែត្រ បានដោយងាយស្រួល។ ទីក្រុងម៉ូស្គូកំពុងតែព្យាយាម ក្លាយខ្លួនជាមហាអំណាចឈានមុខគេ នៅតំបន់អាក់ទិច ជាទីដែលទឹកកកកំពុងរលាយ ព្រោះតែការកើនឡើងកម្តៅផែនដី ហើយបានអនុញ្ញាតឲ្យរុស្ស៉ី បង្កើតច្រកដឹកជញ្ជូនផ្លូវទឹកថ្មីមួយហៅថា ផ្លូវទឹកកាត់សមុទ្រភាគខាងជើង (Northern Sea Route) ផងដែរ។

គួរបញ្ជាក់ថា ច្រកផ្លូវទឹកខាងលើ អនុញ្ញាតឲ្យកប៉ាល់ធ្វើដំណើរចេញពីរុស្ស៉ី លើផ្ទៃមហាសមុទ្រអាក់ទិច ទៅដល់កំពង់ផែនៅតំបន់អាស៉ីដោយប្រើប្រាស់ពេល លឿនជាងការធ្វើដំណើរតាមច្រកផ្លូវសព្វដង គឺតាមព្រែកជីកស៊ុយអេរហូតដល់ ១៥ថ្ងៃ។ ប៉ុន្តែការធ្វើដំណើរកាត់តាមតំបន់អាក់ទិច ជាធម្មតាលែងអាចធ្វើទៅបាននៅត្រឹមខែវិច្ឆិកា ដោយសារមហាសមុទ្រនោះឡើងកកខ្លាំង ដូច្នេះហើយទើបរុស្ស៉ីកំពុងខិតខំផលិត កប៉ាល់បំបែកទឹកកកឲ្យបានច្រើន ដើម្បីអាចប្រើផ្លូវធ្វើដំណើរនោះបានពេញមួយឆ្នាំ៕