(បាងកក)៖ ទោះបីជាករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 កំពុងកើនឡើងជាលំដាប់ក្តីក៏នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរថៃបានប្រកាសបើកទ្វារ កោះចំនួនបីបន្ថែមទៀតហើយ គឺកោះ សាមុយ (Samui), តៅ (Tao) និងផានហ្គាន (Phangan) បន្ទាប់ពីបានបើកទ្វារកោះ ភូកេត (Phuket) កាលពីថ្ងៃទី១ ខែកក្កដា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ការបើកទ្វារកោះទាំងបីខាងលើបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងគោលដៅ ជំរុញវិស័យទេសចរឲ្យងើបឡើងវិញ ដែលពិតជាចាំបាច់ណាស់សម្រាប់សេដ្ឋកិច្ច នៃប្រទេសអាស៊ានមួយនេះ បើទោះបីជាសាធារណមតិនៅក្នុងស្រុកថៃផ្ទាល់ បានធ្វើការរិះគន់ និងចាត់ទុកទង្វើបែបនេះថា ប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ។ សម្រាប់កោះសាមុយ ការអនុវត្តវិធានទប់ទល់ COVID-19 កំលុងពេលបើកទ្វារឡើងវិញ គឺមានលក្ខណៈតឹងរ៉ឹងជាង Phuket បន្តិច ដោយអ្នកទេសចរបរទេស ដែលបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់ ពួកគេត្រូវបន្តស្នាក់នៅក្នុងសណ្ឋាគារ យ៉ាងហោចណាស់មួយសប្តាហ៍ ទើបអាចចេញទៅកម្សាន្ត នៅទីកន្លែងផ្សេងទៀតបាន នៅលើកោះសាមុយ។

គួរបញ្ជាក់ថា នៅក្នុងគោលការណ៍បើកទ្វារទេសចរណ៍ នៅកោះភូកេត ដែលត្រូវបានដាក់ឈ្មោះថា «sandbox» នោះ គឺតម្រូវឲ្យភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅខេត្តភាគត្បូងនេះ មានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ និងធ្វើតេស្តអវិជ្ជមាន COVID-19 មុនពេលមកដល់ ហើយក្រោយអ្នកទេសចរនានា បានបំពេញតាមលក្ខខណ្ឌរួចរាល់នោះ ពួកមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ និងអាចកម្សាន្តនៅលើកោះភូកេតបាន ២សប្តាហ៍ មុននឹងមានគម្រោងធ្វើដំណើរទៅកាន់ តំបន់ផ្សេងទៀតនៃប្រទេសថៃ។

មិនមែនអ្វីគ្រប់យ៉ាង សុទ្ធតែអាចដំណើរការយ៉ាងរលូននោះហើយ ដោយប៉ុន្មានថ្ងៃក្រោយការបើកទ្វារកោះភូកេត អាជ្ញាធរសុខាភិបាលថៃបានរកឃើញ ករណីឆ្លង COVID-19 មួយចំនួនផងដែរ ទៅលើភ្ញៀវទេសចរបរទេស ក្រោយការធ្វើតេស្តពួកគេ ពេលចូលមកដល់អាកាសយានដ្ឋាន។ ប្រការនេះបានជំរុញឲ្យអាជ្ញាធរថៃ បង្កើនការប្រុងប្រយ័ត្នថែមមួយកម្រិត ជាពិសេសនៅពេលដែលទីក្រុងបាងកក និងខេត្តជាច្រើនទៀត នៅតែបន្តរកឃើញករណីឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំនៅឡើយ៕