(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,១៨៦កណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២២ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩,១០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ៧៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ តំបន់ដែលមានករណីឆ្លងថ្មីៗច្រើនជាងគេ រួមមានទីក្រុងបាងកក ដែលរកឃើញ២,២២៤ករណី, ខេត្ត Samut Prakan រកឃើញ៨៤៦ករណី, ខេត្ត Samut Sakhon រកឃើញ៦៤០ករណី, ខេត្ត Chonburi រកឃើញ៥២៣ករណី និងខេត្ត Nonthaburi រកឃើញ៣៥៥ករណី។

CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៩៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាកំណត់ត្រាថ្មីមួយទៀត ខណៈអ្នកជាសះស្បើយចំនួន ៥,៥៤៣នាក់ ទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៧២,២១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,០៣២នាក់ និងអ្នកជាសះស្បើយ ២៦៦,១២៧នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គឺថៃសម្រេចបាន ១៣.៥៣លានដូសហើយ៕