(ឌូស្ហាន់បេ)៖ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិន នឹងបន្តផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងនោះរួមមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរដល់ប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ប្រទេសនេះ អាចបង្ក្រាបជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះបានដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

លោក Wang ធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាហ្វហ្គានីស្ថាន លោក Mohammad Haneef Atmar។ លោក Wang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិន និងអាហ្វហ្គានីស្ថាន គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងយ៉ាងជិតស្និត។ ប្រទេសចិនបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-អាហ្វហ្គានីស្ថាន ហើយមានឆន្ទៈធ្វើការជាមួយប្រទេសអាហ្វហ្គានីស្ថានដើម្បីរៀបចំឡើងនូវ ទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរទៀតផង រួមទាំងបញ្ជូនសញ្ញាវិជ្ជមាន និងសន្តិភាពទៅកាន់ពិភពខាងក្រៅផងដែរ»

លោក Wang បន្ថែមដោយរំពឹងថាថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងធានានូវសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងស្ថាប័នចិននៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។

ជុំវិញបញ្ហានេះ លោក Atmar បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការផ្ដល់ជំនួយរបស់ប្រទេសចិនដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយបានឆ្លើយតបវិញថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការធានានូវសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងស្ថាប័នចិននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕