(ឡូសអាន់ជែលែស)៖ ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ស្របពេលមានការព្យាករណ៍ថា ស្ថានភាពភ្លើងឆេះព្រៃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ភ្លើងឆេះព្រៃឈ្មោះ ប៊ូតលែក (Bootleg Fire) ក្នុងតំបន់ ក្លាម៉ាត់ (Klamath) នៃរដ្ឋ អូរ៉េហ្គន (Oregon) គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា។ អាជ្ញាធរបានព្រមានទៀតថា ភ្លើងឆេះព្រៃ Bootleg Fire នឹងបន្តឆេះរាលដាលកាន់តែខ្លាំង ក៏ដូចជានឹងបង្កឱ្យអាកាសធាតុឡើងក្ដៅ នៅប៉ុន្មានថ្ងៃខាងមុខផងដែរ។

ដោយឡែកនៅឯតំបន់ភាគខាងជើងកាលីហ្វ័រញ៉ា (Northern California) ភ្លើងឆេះព្រៃឈ្មោះ ប៊ែកវើស (Beckwourth) គឺជាភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយវាបានបំផ្លាញព្រៃឈើ លើផ្ទៃដីជាង ៣៨៥គីឡូម៉ែត្រក្រឡា ហើយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានជាង ៧១% ហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺរលកម្ដៅបង្កឡើងដោយភ្លើងឆេះព្រៃ Beckwourth បានហក់ឡើងដល់ ៤០អង្សាសេឯណោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ភ្លើងឆេះព្រៃឈ្មោះ ខេមភ៍ (Camp Fire) បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨៥នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ រដ្ឋបាលលោក ចូ បៃដិន កាលពីពេលថ្មីៗនេះ ក៏បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រ ដើម្បីទប់ទល់ភ្លើងឆេះព្រៃនៅតាមបណ្តារដ្ឋ ជាប់មហាសមុទ្រប៉ាស៊ីហ្វិករួចហើយដែរ ដោយលោកប្រធានាធិបតីអាមេរិករូបនេះបានព្រមានថា ភ្លើងឆេះព្រៃក្នុងឆ្នាំនេះ អាចនឹងអាក្រក់ជាងឆ្នាំមុនៗ៕