(ហូជីមិញ)៖ ករណីឆ្លងដែលបានកើនឡើងរហូតដល់ជិត ៣,០០០នាក់ក្នុងមួយថ្ងៃ និងការសម្រុកធ្វើតេស្តសម្រាប់ករណីពាក់ព័ន្ធ COVID-19 បាននិងកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់ទីក្រុងហូជិមិញ នៃភាគខាងត្បូងប្រទេសវៀតណាម ដែលកំពុងស្ថិតនៅក្នុងការបិទខ្ទប់ (Lockdown) ស្រាប់ទៅហើយនោះ។

រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ក្នុងប្រទេសវៀតណាម បានបង្ហាញអំពីភាពកកកុញ នៅតាមមន្ទីរពេទ្យមួយចំនួន ដោយសារតែអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កកំពុងកើនឡើង ដោយខ្លះត្រូវបង្ខំចិត្តគេងនៅក្នុងតង់ និងនៅតាមទីធ្លាក្រៅមន្ទីរពេទ្យ ជាបណ្តោះអាសន្នដើម្បីរង់ចាំការសង្គ្រោះ និងព្យាបាល។

បើតាមសារព័ត៌មានវៀតណាម Thanh Nien ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា តំបន់សេដ្ឋកិច្ច និងរោងចក្រមួយចំនួន ដែលមានសង្វាក់ផលិតកម្មចាំបាច់ អាជ្ញាធរបានតម្រូវឲ្យខាងស្ថាប័នទាំងនោះ រៀបចំកន្លែងស្នាក់នៅសម្រាប់ បុគ្គលិកសំខាន់ៗឲ្យបានសមរម្យ។ ប៉ុន្តែបើតាមរូបភាពមួយចំនួន ដែលត្រូវបានចុះផ្សាយ កម្មករជាច្រើនត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងតង់ ហើយប្រការនេះក៏កំពុងទទួលការរិះគន់ផងដែរ។

ដោយឡែករោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួនរបស់បរទេសដូចជា Nike, Adidas, Pou Chen និង Samsung បានផ្អាកផលិតកម្មរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។ អាជ្ញាធរទីក្រុងហូជីមិញ កំពុងតែស្វះស្វែងដោះស្រាយបញ្ហា យ៉ាងបន្ទាន់បំផុត ខណៈប្រជាជនរស់នៅទីនេះមានរហូតដល់ជិត ៩លាននាក់ឯណោះ និងជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា វៀតណាមបានត្រៀមរៀបចំទម្រង់ នៃការព្យាបាលអ្នកជំងឺ COVID-19 ដូចមានរាងពីរ៉ាមីតពីក្រោមទៅលើចំនួន ៤ កម្រិត គឺកម្រិតទី១ ត្រៀមគ្រែចំនួន ៣០.០០០គ្រែព្យាបាល FO (អ្នកមិនមានរោគសញ្ញា ឬ ស្រាល), កម្រិតទី២ ត្រៀមគ្រែចំនួន ២.៥០០គ្រែសម្រាប់ព្យាបាល FO (អ្នកចេញរោគសញ្ញា), កម្រិតទី ៣ ត្រៀមគ្រែចំនួន ៣.០០០គ្រែព្យាបាលអ្នកជំងឺ FO ដែលមានជំងឺប្រចាំកាយ ឬមានជំងឺទន្ទឹមនឹងពេលកើតកូវីដ (ជំងឺប្រចាំកាយធ្ងន់ធ្ងរ ឬ ហានិភ័យខ្ពស់) និងកម្រិតទី ៤ ចំនួន ១.២០០គ្រែ សម្រាប់សង្គ្រោះបន្ទាន់ ( COVID-19 ធ្ងន់ធ្ងរ ឬសង្គ្រោះបន្ទាន់)។

គិតត្រឹមថ្ងៃពុធម្សិលមិញ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់ ១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕