(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី កំពុងប្រញាប់ប្រញាល់តាមដានរកអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកឆ្លងវីរុស COVID-19 នៅក្នុងរដ្ឋវិចតូរៀ (Victoria) ដែលអាចជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនូវវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) នៅក្នុងទីក្រុងស៉ីដនី (Sydney) ខណៈមានការព្រួយបារម្ភអំពីការផ្ទុះឡើងដ៏ធំនៃករណីឆ្លងនៅក្នុងរដ្ឋមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ទីកន្លែងថ្មីៗរាប់សិបកន្លែងនៅក្នុងទីក្រុង មែលប៊ន (Melbourne) រួមមានមជ្ឈមណ្ឌលលក់ដូរ ផ្លូវដឹកជញ្ជូនសាធារណៈពីរកន្លែង និងក្លឹបកីឡាមួយកន្លែង ត្រូវបានចុះបញ្ជីកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ ជាទីកន្លែងដែលមានផ្ទុកនូវវីរុសនេះ ដោយបន្ថែមសម្ពាធលើអាជ្ញាធរឱ្យបង្កើនការរឹតត្បឹតបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។

កាលពីថ្ងៃពុធម្សិលមិញនេះ វិធានការពាក់ម៉ាស់ទៅទីកន្លែងបិទជិត ត្រូវបានណែនាំឡើងវិញសម្រាប់ប្រជាជនជាង ៦លាននាក់នៅក្នុងរដ្ឋ Victoria បន្ទាប់ពីរដ្ឋបានកត់ត្រានូវករណីឆ្លងថ្មីៗចំនួន ១០ករណី។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ មិនមានករណីឆ្លងថ្មីៗណាមួយត្រូវបានរាយការណ៍ឡើយ។

ប្រទេសអូស្រ្តាលី កំពុងប្រយុទ្ធប្រឆាំងដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងទីក្រុងដ៏ធំ បំផុតរបស់ខ្លួន គឺទីក្រុងស៊ីដនីជាមួយករណីឆ្លងជិត ៩០០ករណី។ វីរុសនេះបានឆ្លងដែនទៅកាន់រដ្ឋ Victoria និងរដ្ឋអូស្រ្តាលីខាងត្បូង (South Australia) បន្ទាប់ពីក្រុមអ្នករកស៊ីគ្រឿងសង្ហារិមដែលបានឆ្លងវីរុសនេះនៅក្នុងទីក្រុងស៊ីដនី បានធ្វើដំណើរទៅកាន់រដ្ឋទាំងពីរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣១,៤០០ករណី ក្នុងនោះមាន អ្នកស្លាប់ ៩១២នាក់ និងអ្នកជាសះស្បើយជាង ២៩,៥០០នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាជនពេញវ័យប្រហែល ១២ភាគរយ នៃប្រជាជនសរុបនៅប្រទេសអូស្ត្រាលីប្រមាណ ២០.៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ៕