(ឡុងដ៍)៖ អាជ្ញាធរនិយតករអឺរ៉ុបនៅថ្ងៃពុធសប្ដាហ៍នេះ បានបដិសេធផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង COVID-19 ឆ្លាស់គ្នា ហើយក៏បានសង្កត់ធ្ងន់ផងដែរថា បច្ចុប្បន្នវាដូចជាលឿនពេក ក្នុងការបញ្ជាក់ពីភាពចាំបាច់នៃវ៉ាក់សាំងដូសទី ៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

ទោះជាមិនបានផ្ដល់អនុសាសន៍ តែទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានអះអាងថា ការចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬ ០២ដូស ដូចជាវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer, AstraZeneca និងក្រុមហ៊ុន Moderna គឺនៅតែស្ថិតនៅក្នុងតម្រូវការចាំបាច់ ដើម្បីប្រឆាំងនឹងការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta នៅក្នុងតំបន់់អឺរ៉ុប។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ករណីឆ្លង និងដោះស្រាយកង្វះខាតវ៉ាក់សាំង បណ្ដាប្រទេសជាច្រើនកំពុងសិក្សាស្រាវជ្រាវ អំពីការចាក់ឆ្លាស់គ្នារវាងវ៉ាក់សាំង ០២ប្រភេទផ្សេងគ្នា។ លទ្ធផលសិក្សាបឋមចេញផ្សាយដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស កាលពីខែមិថុនាកន្លងទៅបានឱ្យដឹងថា ការចាក់វ៉ាក់សាំង Pfizer ដូសទី ២ ក្រោយរយៈពេល ០៤សប្ដាហ៍នៃការចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ អាចបង្កើនប្រព័ន្ធសុំាយ៉ាងមានប្រសិទ្ធភាព ល្អប្រសើរជាងចាក់វ៉ាក់សាំង AstraZeneca នៅដូសទី ២ ទៅទៀត។

ទោះជាបែបនេះក្តី នៅក្នុងសប្ដាហ៍នេះអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការធ្វើបែបនេះជានិន្នាការគ្រោះថ្នាក់ ដ្បិតមិនទាន់មានភស្ដុតាង ឬទិន្នន័យជាក់លាក់បញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះនៅឡើយទេ៕