(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា គិតត្រឹមពេលនេះវីរុស COVID-19 បម្លែងថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីចំនួន ១១១ហើយ ដោយវានឹងក្លាយជាវីរុសដែលរាតត្បាតធ្ងន់ធ្ងរ ពាសពេញពិភពលោកតែម្តង នៅប៉ុន្មានខែខាងមុខទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធសប្តាហ៍នេះ WHO បានលើកឡើងទៀតថា ប្រទេសអាហ្វហ្គានីស្ថាន, នីហ្សេរីយ៉ា និងអេក្វាដ័រ គឺស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១៥ ចុងក្រោយគេ ដែលបានរាយការណ៍អំពីការរកឃើញ ករណីឆ្លងដំបូងៗនៃវីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងយ៉ាងឆាប់រហ័ស និងបង្កឲ្យអ្នកជំងឺឈឺធ្ងន់។

WHO បានព្រមានថា វីរុស COVID-19 បម្លែងថ្មីនេះ នឹងបន្តរាតត្បាតទៅកាន់ប្រទេស និងដែនដីបន្ថែមទៀតនៅលើពិភពលោក ហើយវានឹងក្លាយជារាតត្បាតពាសពេញពិភពលោកតែម្តង នៅរយៈពេលតែប៉ុន្មានខែខាងមុខនេះទៀតប៉ុណ្ណោះ។ WHO ក៏បានរំលឹកផងដែរថា ភស្តុតាងជាក់ស្តែងនៃឥទ្ធិពលរបស់ វីរុសបម្លែងថ្មី Delta គឺការហក់ឡើងវិញយ៉ាងឆាប់រហ័ស នៃចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕