(គូឡាឡាំពួរ)៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១១,៦១៨នាក់ ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើមានតែ ២៦ករណីប៉ុណ្ណោះជាករណីនាំចូល ខណៈ ១១,៥៩២ករណីទៀតជាករណីឆ្លងសហគមន៍។

នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១១៨នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ៦,៥០៣នាក់។

 សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានចំនួន ករណីសកម្មចំនួន ១០១,៣៥៩នាក់ ដែលក្នុងនោះ ៨៧៨នាក់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់៕