(វ៉ាស៉ីនតោន)៖ សមាជិកសភាអាមេរិក លោក ម៉ាក ហ្គ្រីន (Mark Green) បានព្រមានប្រឆាំងនឹង «សង្រ្គាមត្រជាក់ថ្មីមួយ» រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ នៅក្នុងទស្សានាវត្ដីអាមេរិក The National Interest លោក Green បានគូសបញ្ជាក់ថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីចៀសវាងសង្គ្រាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន»

សមាជិកសភាមកពីបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋថេនណេសស៉ី (Tennessee) រូបនេះបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិក និងប្រទេសចិន បានភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់គ្នាទាំងស្រុងហើយ រីឯជម្លោះរវាងប្រទេសទាំងពីរអាចនឹងធ្វើឱ្យអន្តរាយដល់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចរបស់យើងដូចជា វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងរថយន្តជាដើម»

លោក Green បានគូសបញ្ជាក់បន្ថែមទៀតថា «ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវផ្តោតលើគោលដៅរួមមួយ ដែលបានដំណើរការនាពេលកន្លងមក។ នេះគឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់យើង សម្រាប់នាពេលអនាគត ដើម្បីចៀសវាងសង្គ្រាមត្រជាក់ថ្មីមួយនេះ»

គួរបញ្ជាក់ថា លោក Green ក៏ជាសមាជិកនៃគណៈកម្មាធិការសេវាកម្មអាវុធ និងកិច្ចការការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកផងដែរ៕