(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានបង្ហាញការគាំទ្រ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ពង្រឹងខ្លួនឲ្យរឹងមាំដោយខ្លួនឯង ស្របពេលកងកម្លាំងយោធាបរទេស កំពុងត្រូវដកចេញពីប្រទេសនេះជិត ១០០%។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានថ្លែងថា អាហ្វហ្គានីស្ថាននឹងអាចបង្កើតរដ្ឋាភិបាលរឹងមាំមួយ ដែលមានភាពទូលំទូលាយ និងបរិយាបន្ន, ប្រកាន់គោលនយោបាយមានស្ថិរភាព និងយុត្តិធម៌ចំពោះជនជាតិម៉ូស្លីម, ប្រយុទ្ធប្រឆាំងយ៉ាងស្វាហាប់ជាមួយ អំពើភេរវកម្ម និងគំនិតជ្រុលនិយមគ្រប់ទម្រង់ ព្រមទាំងបង្កើតទំនាក់ទំនងជាមិត្ត ជាមួយបណ្តាប្រទេសជិតខាងខ្លួនទាំងអស់។

លោក Wang បានលើកឡើងដូចខាងលើនេះ កំលុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយរដ្ឋមន្រ្តីតាជីគីស្ថាន លោក ស៊ីរ៉ូជីដឌីន មូហ៍រីដឌីន (Sirojiddin Muhriddin) កាលពី ថ្ងៃអង្គារសប្តាហ៍នេះ ជាការឆ្លើយតបចំពោះសំនួរទាក់ទងនឹង សេចក្តីប្រកាសនាពេលថ្មីៗរបស់សហរដ្ឋអាមេរិក អំពីការបិទបញ្ចប់ប្រតិបត្តិការ យោធាក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាផ្លូវការនៅថ្ងៃទី៣១ ខែសីហា ហើយស្ថានការណ៍នៅអាហ្វហ្គានីស្ថាន បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។

គួរបញ្ជាក់ថា បើតាមលោក Wang Yi ប្រជាជនអាហ្វហ្គានីស្ថាន បានរៀនសូត្រពីបទពិសោធន៍ជូរចត់របស់ពួកគេ ហើយឥឡូវនេះទទួលបានឱកាស ក្នុងការក្តាប់ជោគវាសនារបស់ប្រទេសជាតិ នៅក្នុងដៃពួកគេផ្ទាល់៕