(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានបង្កើនការរឹតបន្តឹងបន្ថែម លើវិធានការរក្សាគម្លាតសង្គមនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវករណីឆ្លងជំងឺ COVID-19 ដ៏អាក្រក់មិនធ្លាប់មានរបស់ខ្លួន បន្ទាប់ពីបានរាយការណ៍ករណីឆ្លងថ្មីៗចំនួន ១,៦១៥ករណី ដែលត្រូវបានរកឃើញពេញមួយថ្ងៃអង្គារម្សិលមិញ និងជាចំនួនករណីឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុតមិនធ្លាប់មាន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ រដ្ឋាភិបាលនឹងបង្កើនការរឹតបន្តឹងបន្ថែម លើវិធានការរក្សាគម្លាតសង្គម នៅទូទាំងប្រទេសដល់កម្រិតទី ២ ដោយលើកលែងតែតំបន់ភាគខាងត្បូង មួយចំនួនតែប៉ុណ្ណោះ។
នៅក្នុងការរឹតបន្តឹងកម្រិតទី ២ ការប្រមូលផ្តុំមនុស្សច្រើនជាង ០៨នាក់ត្រូវបានហាមឃាត់ ហើយភោជនីយដ្ឋាន និងបារនានា ត្រូវតែបិទទ្វារនៅត្រឹមពាក់កណ្តាលអធ្រាត្រ ខណៈការរឹតបន្តឹងកម្រិតទី ៤ ដែលហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ០២នាក់ចាប់ពីម៉ោង ០៦៖០០នាទីល្ងាចក៏នឹងត្រូវបានដាក់ចេញ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅផងដែរ នៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៧១,៩១១ករណី ក្នុងនោះមានអ្នកស្លាប់ ២,០៤៨នាក់។ រីឯការចាក់វ៉ាក់សាំងវិញ កូរ៉េខាងត្បូងសម្រេចបាន ៣០.៦ភាគរយនៃប្រជាជនសរុបចំនួន ៥២លាននាក់ ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស៕