(រ៉ូម)៖ រដ្ឋាភិបាលអ៉ីតាលីបានប្រកាសថា នាវាដឹកអ្នកដំណើរខ្នាតយក្សទាំងអស់ នឹងត្រូវបានហាមឃាត់ក្នុងការចូលមកក្នុងទីក្រុង វែនីស (Venice) ចាប់ពីថ្ងៃទី០១ ខែសីហាក្រោយនេះតទៅ បន្ទាប់ពីមានការព្រមានជាច្រើនឆ្នាំមកនេះ ពីហានិភ័យនៃការបង្កការខូចខាតធ្ងន់ធ្ងរ ដល់ទីក្រុងនៅលើផ្ទៃទឹកមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើត្រូវបានប្រកាស និងទទួលស្គាល់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងកិច្ចប្រជុំរបស់ អង្គការបេតិកភណ្ឌពិភពលោក (UNESCO) ពាក់ព័ន្ធនឹងការបញ្ចូលទីក្រុង Venice ទៅក្នុងបញ្ជីឈ្មោះនៃទីតាំងបេតិកភណ្ឌ ដែលកំពុងស្ថិតក្រោមហានិភ័យ នៃការបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា ផ្អែកលើការសម្រេចចិត្តខាងលើនេះដែរ នាវាដឹកអ្នកដំណើរខ្នាតយក្សទាំងអស់ នឹងត្រូវបង្វែរគោលដៅចូលចត ទៅកាន់ទីក្រុងកំពង់ផែ ម៉ាហ្គែរ៉ា (Marghera) ជាបណ្ដោះអាសន្ន។ ទីក្រុង Venice របស់ប្រទេសអ៉ីតាលី ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងនាមជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ កាលពីឆ្នាំ១៩៨៧។

នៅមុនការរាតត្បាតនៃ COVID-19 ទីក្រុង Venice របស់ប្រទេសអ៉ីតាលី បានទទួលភ្ញៀវទេសចរចំរុះជាតិសាសន៍ រហូតដល់ខ្ទង់ ២០លាននាក់ឯណោះក្នុងមួយឆ្នាំ ហើយបន្ទាប់ពីការបើកទ្វារឡើងវិញ កាលពីខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាបណ្តើរៗ ក៏បានចាប់ផ្តើមចូលមកកម្សាន្ត នៅទីក្រុងនេះវិញផងដែរ៕