(ផតលែន)៖ បើតាមរបាយការណ៍បឋមនៅទីក្រុងផតលែន (Portland) បានឱ្យដឹងថា មនុស្សភាគច្រើនដែលបានបាត់បង់ជីវិត ដោយសាររលកកម្តៅដ៏ខ្លាំងមួយ នៅក្នុងតំបន់ដែលមានប្រជាជនច្រើនបំផុត នៃរដ្ឋអូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក គឺជាមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង នៅក្នុងលំនៅឋានដែលគ្មានម៉ាស៉ីនត្រជាក់ ឬកង្ហារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់នៅថ្ងៃអង្គារសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon បានកើនឡើងដល់ ១១៦នាក់ហើយ ក្នុងនោះមាន ៧១នាក់ត្រូវបានរាយការណ៍ចេញពីសង្កាត់ មុលណូម៉ាហ៍ (Multnomah County) ជាតំបន់ដែលមានប្រជាជនច្រើនបំផុត ដែលស្ថិតនៅក្នុងទីក្រុង Portland ហើយពួកគេមានអាយុជាមធ្យម ៧០ឆ្នាំ។ អាជ្ញាធរបានគូសបញ្ជាក់បន្ថែមថា ជាង ៣ ភាគ ៤ នៃអ្នកស្លាប់ គឺជាអ្នករស់នៅតែម្នាក់ឯងនៅក្នុងអាផាតមិន ដែលគ្មានម៉ាស៉ីនត្រជាក់ ឬសូម្បីតែកង្ហារ ហើយជាង ៩០ភាគរយនៃអ្នកស្លាប់ គឺជាជនជាតិស្បែកស និង ៦៣ភាគរយគឺជាបុរស។

ជុំវិញបញ្ហានេះ ចៅសង្កាត់ Multnomah County លោកស្រី ដេបូរ៉ាហ៍ កាហ្វួរី (Deborah Kafoury) បានលើកឡើងថា «រលកកម្ដៅដែលបានកើតឡើងក្នុងតំបន់របស់យើង គ្រួសារ និងមិត្តភក្តិរបស់យើង គឺមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយវាបានមកដល់មុនការទស្សន៍ទាយរបស់យើងទៅទៀត។ នេះជាការបម្រែបម្រួលអាកាសធាតុដែលយើងគ្រប់គ្នាខ្លាចនឹងកើតឡើងនៅថ្ងៃណាមួយ វាកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះហើយ។ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ដើម្បីត្រៀមប្រឈមមុខនឹងវា»

គួរបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុង Portland បានកើនឡើងដល់កម្រិតក្ដៅខ្លាំងក្នុងរយៈពេល ០៣ថ្ងៃជាប់ៗគ្នា គឺរហូតដល់ទៅ ៤៧អង្សាសឯណោះ ខណៈអាជ្ញាធរបានព្យាយាមរៀបចំ ដោះស្រាយស្ថានការណ៍បន្ទាន់ឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន ដោយប្រែក្លាយបណ្ណាល័យនៅក្នុងតំបន់ដែលមានម៉ាស៊ីនត្រជាក់ចំនួន ០៩ ទៅជាមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ហើយក៏កំពុងព្យាយាមស្វែងរកមនុស្សដែលគ្មានផ្ទះសម្បែង ដើម្បីផ្តល់ទឹក និងភាពត្រជាក់ដល់ពួកគេបន្ថែមទៀតផងដែរ៕